បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ ប្រទេសគុយបាលោក Bruno Rodriguez កាលពីថ្ងៃអង្គារម្សិលមិញនេះ បានលើកឡើង និងស្តីបន្ទោសទៅរដ្ឋាភិបាលអាមេរិកថា គឺជាអ្នកដែលទទួលខុសត្រូវ ទៅលើបញ្ហាអំពើហិង្សា កាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសគុយបា។
ថ្លែងទៅកាន់ក្រុមអ្នកកាសែត ក្នុងសន្និសិទកាសែតមួយលោកបន្តថា វាគឺជាការប៉ុនប៉ងដោយចេតនាឃោរឃៅ និងបែបឱកាសនិយម ដើម្បីទាញយកប្រយោជន៍ ពីលក្ខខណ្ឌដែលបង្កើតដោយ ជំងឺរាតត្បាតដើម្បីព្យាយាមធ្វើឱ្យ សេដ្ឋកិច្ចរបស់យើងជួបបញ្ហា។

លោកបន្តថា អាកប្បកិរិយាដែលមានភាព មិនទទួលខុសត្រូវនឹងអាច មានផលប៉ះពាល់អវិជ្ជមាន ទាំងនៅក្នុងតំបន់ផងដែរ និងសូម្បីតែ ផលប្រយោជន៍ជាតិ របស់សហរដ្ឋអាមេរិកទៀតផង។
គួរឲ្យដឹងដែរថា រយៈពេលចុងក្រោយនេះគុយបា បានទទួលរងការវាយប្រហារ យ៉ាងខ្លាំងក្លាពីសំណាក់ ការរាតត្បាតកូវីដជាលើកទី៣ ហើយស្របពេលជាមួយគ្នាទណ្ឌកម្ម របស់អាមេរិកក៏កំពុងដាក់សំពាធ កាន់តែខ្លាំងមកលើសេដ្ឋកិច្ច របស់កោះមួយនេះផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី
