ហ្សាកាតា៖ ប្រភពពីក្រសួងសុខាភិបាល បានឲ្យដឹងថាប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃព្រហស្បតិ៍នេះបាន កត់ត្រានូវករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៥៦,៧៥៧ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដែលជាចំនួនកើនឡើងខ្ពស់បំផុតប្រចាំថ្ងៃ ដែលធ្វើឱ្យចំនួនសរុបកើនឡើង ដល់ ២,៧២៦,៨០៣ករណី។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួដោយដកស្រង់ ប្រភពពីក្រសួងខាងលើក៏បានបញ្ជាក់ផងដែរថា ចំនួនអ្នកស្លាប់ថ្មីចំនួន ៩៨២ នាក់ ត្រូវបានរាយការណ៍ក្នុងរយៈពេលដូចគ្នា ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៧០,១៩២ នាក់។
នៅក្នុងប្រទេសឥណ្ឌូនេស៊ី អ្នកជំងឺចំនួន ១៩,០៤៩ នាក់ផ្សេងទៀ តត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យដោយ ធ្វើឱ្យចំនួនអ្នកសង្គ្រោះជាសះស្បើយសរុបកើនឡើងដល់ ២,១៧៦,៤១២ នាក់។
ជាក់ស្តែងក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះទីក្រុងហ្សាការតា បានកត់ត្រាករណីឆ្លងថ្មីចំនួន ១២,៦៩១ ករណី កោះជ្វាខាងលិច ១១,១០១ករណី, កោះជ្វាខាងកើត ៨,២៣០ ករណី, កោះជ្វាកណ្តាល ៤,៣៦០ករណី និងប៊ីនថេន ៣,៩៩៤ករណី ។
លោក Luhut Binsar Pandjaitan រដ្ឋមន្រ្តីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគ បានប្រាប់សន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍នេះថា “យើងប៉ាន់ស្មានថា ករណីប្រចាំថ្ងៃ នឹងកើនឡើង។ យើងសង្ឃឹមថា នឹងមិនកើនលើស ៦០,០០០ នាក់នោះទេ” ។
លោក Pandjaitan បានបន្ដថា រដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងរៀបចំសម្រាប់សេណារីយ៉ូដ៏អាក្រក់បំផុត ប្រសិនបើចំនួនអ្នកឆ្លងមានចាប់ពីចន្លោះពី ៦០,០០០ ទៅ ១០០,០០០ ករណីជារៀងរាល់ថ្ងៃ។
រដ្ឋាភិបាល បានដាក់កម្រិតសកម្មភាពសហគមន៍បន្ទាន់ ដែលត្រូវបានគេស្គាល់ថា នៅលើកោះចាវ៉ាដែលមានប្រជាជនច្រើនបំផុត និងកោះរមណីយដ្ឋានកោះបាលី ក៏ដូចជាតំបន់ចំនួន ១៥ នៅខាងក្រៅកោះ រហូតដល់ថ្ងៃទី២០ ខែកក្កដាក្នុងគោលបំណងកាត់បន្ថយការរីករាលដាលបន្ថែមទៀត នៃជំងឺឆ្លងទម្រង់ថ្មី ដែលត្រូវបានរីករាលដាល យ៉ាងឆាប់រហ័សនៅទូទាំងប្រទេស៕ដោយ ឈូក បូរ៉ា