ព័ត៌មានអន្តរជាតិ

វិភាគ: អាមេរិក និងចិន ព្រមានគ្នាទៅវិញទៅមក​ក្នុងការដណ្តើម​​​​​ ​​​​អនុត្តរភាពក្នុងតំបន់

បច្ចុប្បន្នភាព

​លោក Antony Blinken រដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក បានចេញនូវការព្រមានមួយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដានេះ អោយប្រទេសចិនបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបំភិតបំភ័យប្រទេសក្នុងតំបន់ ជាពិសេសគឺប្រទេសដែលមានចម្លោះជាមួយប្រទេសចិន ក្នុងសំណុំរឿងសមុទ្រចិនខាងត្បូង ។

ទន្ទឹមនឹងការព្រមាននេះ​ លោក Antony Blinken បានអំពាវនាវដល់ប្រទេសចិន អោយបញ្ឈប់សកម្មភាបបង្ករឿងជាមួយបណ្តាប្រទេសក្នុងតំបន់ តាមរយៈការអះអាងយកកម្មសិទ្ធិដែលទឹកច្រើនហួសហេតុនៅសមុទ្រចិនខាងត្បូង ដែលធ្វើអោយប៉ះពាល់ដល់ប្រទេសជាប់ព្រំដែនសមុទ្រជាមួយនឹងប្រទេសចិន ។

ប្រទេសក្នុងតំបន់ ដែលមានជម្លោះជាមួយចិនអំពីការទាមទារយកកម្មសិទ្ធិក្នុងដែនទឹកនៅសមុទ្រចិនខាងត្បូង គឺមានប្រទេសព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងប្រទេសវៀតណាម ដែលមេដឹកនាំនៃប្រទេសទាំងនេះ បានចោទប្រកាន់ចិនពីបទវាទីអំណាចនៅសមុទ្រចិនខាងត្បូង ដោយអះអាងយកកម្មសិទ្ធដែនទឹកភាគច្រើននៅសមុទ្រចិនខាងត្បូង ។

ជាការឆ្លើយតបទៅលោក Antony Blinken វិញ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា សហរដ្ឋអាមេរិក កំពុងព្យាយាមបំបែកបំបាក់ និងញុះញង់ប្រទេសក្នុងតំបន់ អោយឈ្លោះប្រកែកជាមួយប្រទេសចិន ដែលជាសកម្មភាពបង្ករឿង និងនាំអោយមានអស្ថិរភាពសន្តិភាពក្នុងតំបន់ ។

លោក Zhao Lijian បានព្រមានថា ប្រទេសចិននឹងមិនឈរអោបដៃមើលប្រទេសណាមួយ ឬបុគ្គលណាមួយ ដែលព្យាយាមបំផ្លិចបំផ្លាញស្ថិរភាពសន្តិភាពនៅក្នុងតំបន់នោះទេ ហើយចិននឹងឆ្លើងតបអោយបានសមរម្យបំផុតចំពោះសកម្មភាពអរិភាព ក្នុងគោលដៅបំផ្លិចបំផ្លាញសាមគ្គីភាពរវាងបណ្តាប្រទេសក្នុងតំបន់ជាមួយចិន ។

ការព្រមានគ្នាទៅវិញទៅមករវាងសហរដ្ឋអាមេរិក និងប្រទេសចិន ត្រូវបានធ្វើឡើងក្រោយពីប្រទេសចិនបានបន្តសកម្មភាពវាទីពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ ជាពិសេសនៅសមុទ្រចិនខាងត្បូង តាមរយៈការដាក់ពង្រាយកងកម្លាំងយោធា នាវាចម្បាំង និងគ្រឿងយុទ្ធោបករណ៍ផ្សេងទៀត ។

នៅសមុទ្រចិនខាងត្បូង ចិនបានបូមខ្សាច់ចាក់ភ្ជាប់ប្រជុំកោះតូចៗមួយចំនួនអោយទៅជាកោះសិប្បនិមិត្តធំមួយ ដែលមានកោះ ស្ប្រាតលី និងប៉ារ៉ាស៊ែល (Spratly and Paracel) ជាដើម ដោយបានបំពាក់គ្រឿងយុទ្ធោបករណ៍ទំនើបៗនៅលើកោះនេះ ហើយមិនត្រឹមតែដាក់ពង្រាយនាវាចម្បាំង នាវាមុជទឹក និងគ្រឿងយុទ្ធោបករណ៍ជាច្រើននៅលើកោះសិប្បនិមិត្តនៅសមុទ្រចិនខាងត្បូងនោះទេ ចិនក៏បានបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើបៗនៅលើកោះសិប្បនិមិត្តនោះដែរ រូមទាំងសាងសង់អាកាសយានដ្ឋានថែមទៀត ។

អ្នកជំនាញខាងភូមិសាស្ត្រនយោបាយរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសអូស្ត្រាលី បាននិយាយថា ទង្វើរបស់ប្រទេសចិននេះ គឺជាយុទ្ធសាស្ត្រពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងតំបន់ ឫជាការវាទីយកទឹកដីភាគច្រើននៅសមុទ្ទចិនខាងត្បូង ។

អ្នកជំនាញអាមេរិកដដែលបានបន្តថា ប្រទេសចិនបានអះអាងយកដែនទឹកភាគច្រើននៅសមុទ្រចិនខាងត្បូង ដោយមិនខ្វល់ពីការតវ៉ារបស់ប្រទេសមួយចំនួនក្នុងតំបន់មានប្រទេស ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ព្រុយណេ វៀតណាម និងកោះតៃវ៉ាន់ជាដើម ។

ប្រទេស និងដែនដីខាងលើនេះ បានតវ៉ាយ៉ាងខ្លាំងផ្នែកការទូតចំពោះការពង្រីកឥទ្ធិពលរបស់ប្រទេសចិននៅសមុទ្រចិនខាងត្បូង ប៉ុន្តែមេដឹកនាំចិន ហាក់ដូចជាមិនអើពើចំពោះការតវ៉ានេះទេ ដោយនៅតែបន្តយុទ្ធសាស្ត្រវាទីនិយមរបស់ខ្លួនដដែល ។

លោក Harry Harris អតីតមេបញ្ជាការនៃអគ្គបញ្ជាការយោធាសហរដ្ឋអាមេរិកប្រចាំនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក បាននិយាយថា ប្រទេសចិនមិនអាចត្រួតត្រាពិភពលោកមែន ប៉ុន្តែចិនក៏ជាប្រទេសមហា ដែលកំពុងចាប់ច្បាមយកតំបន់អាស៊ីទាំងមូល តាមរយៈការពង្រីកអំណាចយោធា និងសេដ្ឋកិច្ច ។

ដើមចមនាំអោយកើតរឿង

ដើមចមដែលនាំអោយប្រទេសមហាអំណាចព្រមានគ្នាទៅវិញទៅមកនេះ គឺដោយសារសហរដ្ឋអាមេរិក បារម្ភពីប្រទេសចិន ដែលអាចនឹងបិទផ្លូវនាវាចរណ៍លើដែនទឹកអន្តរជាតិនៅសមុទ្រចិនខាងត្បូងនៅពេលខាងមុខ ដែលធ្វើអោយប៉ះពាល់ដល់នាវាចរណ៍ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសជាដៃគូ និងធ្វើអោយប៉ះពាល់ដល់នាវាចម្បាំងរបស់ខ្លួន ។

សមុទ្រចិនខាងត្បូង គឺជាផ្លូវទឹកដ៏សំខាន់សម្រាប់លំហូរទំនិញគ្រប់ប្រភេទ រួមទាំងលំហូរប្រេងឥន្ធនៈជាដើម ពីតំបន់មជ្ឈិមបូព៌ា និងតំបន់ផ្សេងទៀតចូលមកកាន់តំបន់អាស៊ីទាំងមូលតាមច្រកសមុទ្រចិនខាងត្បូង ខាងកើត និងសមុទ្រឥណ្ឌា ដែលមានតម្លៃទឹកប្រាក់ប្រមាណជាង៥សែនកោដិដុល្លារអាមេរិកក្នុងមួយឆ្នាំ ។

សូមរំលឹកជូនថា កាលពីថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីការពង្រីកឥទ្ធិពលរបស់ប្រទេសចិនកាន់តែខ្លាំងនៅសមុទ្រចិនខាងត្បូង ដោយដាក់គ្រឿងយុទ្ធោបករណ៍កាន់តែច្រើននៅកោះ ស្ប្រាតលី (Spratly) ។

កោះស្ប្រាតលីនេះ គឺជាប្រជុំកោះតូចៗជាច្រើនកោះនៅសមុទ្រចិនខាងត្បូង ហើយប្រទេសចិន បានចាប់ផ្តើមបូមខ្សាច់ចាក់ភ្ជាប់ប្រជុំកោះតូចៗទាំងនោះអោយទៅជាកោះធំមួយចាប់តាំងពីឆ្នាំ១៩៨៧កន្លងមក ។

បើតាមរបាយការណ៍របស់សហរដ្ឋអាមេរិក បានបង្ហាញថា ក្រោយពីបូមខ្សាច់ចាក់ភ្ជាប់ប្រជុំកោះតូចៗអោយទៅជាកោះធំមួយរួចហើយ ប្រទេសចិនបានដាក់ពង្រាយគ្រឿងយុទ្ធោបករណ៍ជាច្រើន មានមីស៊ីល នាវាចម្បាំង និងនាវមុជទឹកជាដើម ៕

ដោយ៖អ៊ី ជិន

To Top