បរទេស ៖ ក្រសួងការពារជាតិ អាមេរិក បានបញ្ជាក់ថា អតីតទាហានកូឡុំប៊ីមួយចំនួន ដែលត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសហៃទី កាលពីសប្តាហ៍មុន ពាក់ព័ន្ធនឹងការសម្លាប់ លោក Moise គឺបានទទួលការបណ្តុះបណ្តាល ពីយោធាសហរដ្ឋអាមេរិកក្នុងកំឡុង ពេលរបស់ពួកគេ នៅជាយោធាកូឡុំប៊ី។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Ken Hoffman បានសារព័ត៌មាន Washington Post កាលពីថ្ងៃព្រហស្ប៍ថា « ការពិនិត្យឡើងវិញ នូវមូលដ្ឋានទិន្នន័យបណ្តុះបណ្តាល របស់យើងបានបង្ហាញថា មនុស្សកូឡុំប៊ីមួយចំនួនតូច ដែលត្រូវបានឃុំខ្លួនជាផ្នែក នៃការស៊ើបអង្កេតនេះ បានចូលរួម ក្នុងកម្មវិធីបណ្តុះបណ្តាល និងអប់រំយោធាអាមេរិក កាលពីពេលមុន ខណៈពេលកំពុងបម្រើ ជាសមាជិកសកម្មនៃកងកំលាំងកូឡុំប៊ី»។
លោកបានបន្ថែមទៀតថា ការបណ្តុះបណ្តាលយោធាបរទេស របស់សហរដ្ឋអាមេរិក គឺមានគោលបំណងលើកកម្ពស់“ ការគោរពសិទ្ធិមនុស្ស ការគោរពតាមច្បាប់និងយោធា ក្រោមឱវាទចំពោះការជ្រើសរើស មេដឹកនាំស៊ីវិល ដែលមានលក្ខណៈប្រជាធិបតេយ្យ” ។
សូមជម្រាបថា ប៉ូលីសជាតិហៃទី (PNH) លោក Leon Charles បាននិយាយថាកម្លាំង របស់លោក បានចាប់ខ្លួនជនជាតិកូឡុំប៊ី ១៨ នាក់ដែលត្រូវបានគេជឿថា ជាផ្នែកនៃកងកុម្ម៉ង់ដូ ២៨ នាក់ ដែលបានវាយលុកចូលផ្ទះ របស់លោកប្រធានាធិបតីហៃទី Moise នៅព្រឹកថ្ងៃទី ៧ ខែកក្កដា ដោយបានសម្លាប់លោក និងធ្វើឱ្យភរិយា របស់រងរបួស ។ យោងតាមអាជ្ញាធរយោធាកូឡុំប៊ី គឺមនុស្ស ចំនួន ១៧ នាក់ក្នុងចំណោមពួកគេ គឺជាអតីតទាហាន ដោយបានចាកចេញពីការបម្រើនៅចន្លោះឆ្នាំ ២០១៨ និង ២០២០ ៕
ប្រែសម្រួលៈ ណៃ តុលា