ព័ត៌មានអន្តរជាតិ

លោក បៃដិន៖ អាមេរិក គ្មានគម្រោងបញ្ជូន ទ័ពទៅហៃទីទេ ក្នុងពេលបច្ចុប្បន្ន

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា សហរដ្ឋញអាមេរិក មិនមានផែនការបញ្ជូនកងទ័ព ទៅកាន់ប្រទេសហៃទីទេ បន្ទាប់ពីមានករណីធ្វើឃាត ប្រធានាធិបតីនៃប្រទេសហៃទី លោក Jovenel Moise។

នៅក្នុងសន្និសីទកាសែតរួមគ្នាមួយ ជាមួយអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel លោក ចូ បៃដិន បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងត្រឹមតែបញ្ជន កងទ័ពម៉ារីនអាមេរិក ទៅស្ថានទូតរបស់យើងប៉ុណ្ណោះ ដើម្បីធានាថា ពួកវាមានសន្តិសុខ ហើយគ្មានអ្វីក្រៅពីនេះទៀតទេ។ ប៉ុន្តែគំនិតបញ្ជនកងកម្លាំងអាមេរិក ចូលទៅក្នុងប្រទេសហៃទី មិនស្ថិតនៅលើរបៀបវារៈទេ នាពេលបច្ចុប្បន្ននេះ”។ 

មន្ត្រីប្រទេសហៃទី កាលពីសប្ដាហ៍មុន បានស្នើសហរដ្ឋអាមេរិក ឲ្យបញ្ជូនកងទ័ពជួយការពារ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងប្រទេស បន្ទាប់ពីមានការធ្វើការ ឃាតប្រធានាធិបតី ហើយការថ្លែងបែបនេះរបស់លោក បៃដិន បញ្ជាក់ដល់របាយការណ៍ ពីមន្ត្រីសេតវិមានពីមុន ដែលថា សហរដ្ឋអាមេរិកគ្មានគម្រោង បញ្ជូនកងទ័ពទៅនោះទេ។ 

លោក Mathias Pierre ជារដ្ឋមន្ត្រីរៀបចំការបោះឆ្នោតនៃប្រទេសហៃទី បាននិយាយប្រាប់សារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ថា លោកជឿថា សំណើសុំកងទ័ពអាមេរិក នៅតែពាក់ព័ន្ធ ហើយលោកបានគូសបង្ហាញថា ប្រទេសហៃទីចាំបាច់ត្រូវ បង្កើតបរិយាកាសសុវត្ថិភាព សម្រាប់ការបោះឆ្នោតខាងមុខ ក្នុងពេល ១២០ថ្ងៃទៀត៕ 

ប្រែសម្រួល៖ ប៉ាង កុង 

To Top