ព័ត៌មានអន្តរជាតិ

អ្នកនយោបាយកូរ៉េខាងត្បូង រំឭកដល់មន្ត្រីការទូតចិនមិនឲ្យជ្រៀតជ្រែក ការបោះឆ្នោត

បរទេស៖សមាជិករដ្ឋសភាមកពីបក្សប្រឆាំងកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានចេញសេចក្តីព្រមានមិនឲ្យធ្វើការជ្រៀតជ្រែកការបោះឆ្នោត ក្រោយឯកអគ្គរដ្ឋទូតចិនប្រចាំនៅទីក្រុងសេអ៊ូល បានរិះគន់បេក្ខភាពប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Seok-youl។

លោក Park Jin មានវ័យ៦៤ឆ្នាំ  បាននិយាយនៅក្នុងសារបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមហ្វែសប៊ុក កាលពីថ្ងៃសុក្រម្សិលមិញនេះថា លោកឯកអគ្គរដ្ឋទូត Xing Haiming បានបង្ហាញនូវការមិនគោរពចំពោះទំនៀមការទូត ក្រោយធ្វើការថ្លែងដ៏គួរឲ្យសោកស្តាយ ស្តីពីលោក Yoon Seok-youl។

តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា លោក Park Jin បានមានប្រសាសន៍ថា ការថ្លែងរបស់លោកឯកអគ្គរដ្ឋទូតចិន ដែលប្រឆាំងនឹងបេក្ខភាពប្រធានាធិបតីលេចធ្លោរមួយរូប លើគោលនយោបាយបរទេសនិងសន្តិសុខជាតិនោះ គឺជាការបំពានអធិបតេយ្យភាពយ៉ាងច្បាស់។ 

គួរបញ្ជាក់ថា ការថ្លែងបែបនេះរបស់សមាជិករដ្ឋសភាមកពីបក្សប្រឆាំងកូរ៉េខាងត្បូងរូបនេះ គឺត្រូវបានធ្វើឡើង ក្រោយលោកឯកអគ្គរដ្ឋទូតចិន បានសរសេរពីគោលគំនិតមួយ ដែលបោះពុម្ពផ្សាយដោយកាសែតកូរ៉េខាងត្បូង JoongAng Ilbo កាលពីថ្ងៃសុក្រ៕ ប្រែសម្រួល៖ប៉ាង កុង 

To Top