បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ថា ប្រភពមួយចេញពី ក្រសួងមហាផ្ទៃ របស់ប្រទេសអ៊ីរ៉ាក់ បានឲ្យដឹងថា យ៉ាងហោចណាស់ មនុស្សចំនួន២៨នាក់ ត្រូវបានសម្លាប់ និង៦៦នាក់ផ្សេងទៀត បានរងរបួស នៅក្នុងពេលមានករណីផ្ទុះគ្រាប់បែកមួយ នៅឯផ្សារមួយកន្លែង នៅភាគខាងកើត ក្រុងបាដាដ កាលពីថ្ងៃចន្ទ ។

ប្រភពចេញពីក្រសួងមហាផ្ទៃ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា គ្រាប់បែកមួយគ្រាប់ ត្រូវបានគេគ្រវែងចូលមកលើក្រុមមនុស្ស នៅផ្សារដ៏ពេញនិយមមួយកន្លែង នៅក្នុងក្រុង Sadr ដែលជាតំបន់ជាយមួយ នៃស្រុករដ្ឋធានីរបស់ក្រុងបាដាដ នៅមុនពេលព្រះអាទិត្យអស្តង្គត់ ដោយបានបំផ្លាញ ហាងលក់ទំនិញជាច្រើន និងបង្កឲ្យមានការខូចខាត ដល់អគារមួយចំនួនផងដែរ ។
ក្រុមអាជ្ញាធរអ៊ីរ៉ាក់ បាននិយាយឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មាន ខ្លីមួយថា ព័ត៌មានបន្ថែមនឹងត្រូវបាន ប្រកាសឲ្យដឹងបន្ទាប់ពី ការស៊ើបអង្កេត ទៅលើឧប្បត្តិហេតុនេះធ្វើរួច ។

បើតាមសម្តីរបស់លោក Haider Gatie ដែលជាបុរសវ័យក្មេងម្នាក់ នៅឯផ្សារនោះ បានលើកឡើងថា “គ្រាប់បែកបានផ្ទុះឡើង បំផ្លាញហាងរបស់យើង ហើយមានមនុស្សជាច្រើននាក់ នៅទីនេះបានស្លាប់ និងរបួស…អ្នកទាំងអស់គ្នា នៅទីនេះជាជនក្រីក្រ និងអាចរកប្រាក់ចិញ្ចឹមជីវិត ដោយលំបាកខ្លាំងណាស់” ។ គាត់បានបង្ហាញ ពីការខឹងសម្បារយ៉ាងខ្លាំង ចំពោះឧប្បត្តិហេតុដែលបង្កឲ្យស្លាប់មនុស្ស ជាច្រើនដូច្នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
