ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង លុបចោលដំណើរទស្សនកិច្ចទីក្រុង តួក្យូជុំវិញការថ្លែងដែល មិនអាចទទួលយកបាន

បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នឹងមិនធ្វើទស្សនកិច្ចទីក្រុងតូក្យូ សម្រាប់ការប្រកួតកីឡាអូឡាំពិកខាងមុខនេះទេ ដោយលុបចោលគម្រោងជំនួបកំពូលដំបូងរបស់លោក ជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga នេះបើតាមការឲ្យដឹងពីការិយាល័យរបស់លោក។


សេចក្តីប្រកាសនេះ តាមសេចក្តីរាយការណ៍ គឺត្រូវបានធ្វើឡើង ក្រោយទីក្រុងសេអ៊ូលបានធ្វើការតវ៉ាជុំវិញសេចក្តីរាយការណ៍ព័ត៌មានមួយកាលពីថ្ងៃសុក្រដែលថា មន្ត្រីការទូតជាន់ខ្ពស់មួយរូបនៅស្ថានទូតជប៉ុនក្នុងទីក្រុងសេអ៊ូល បាននិយាយថា លោក មូន កំពុងតែសម្រេចកាមដោយខ្លួនឯង នៅពេលពិពណ៌នាដល់កិច្ចប្រឹងប្រែងរបស់លោក ធ្វើឲ្យប្រសើរឡើងនូវចំណងមិត្តភាព រវាងប្រទេសទាំងពីរ។


លេខាធិការព័ត៌មានរបស់វិមានខៀវ លោក Park Soo-hyun បាននិយាយប្រាប់សន្និសីទកាសែតមួយយ៉ាងដូច្នេះថា “លោកប្រធានាធិបតី មូន បានសម្រេចចិត្តមិនធ្វើទស្សនកិច្ចប្រទេសជប៉ុនទេ” ហើយលោកបន្ថែមទៀតថា ភាគីទាំងពីរធ្លាប់បានរកឃើញមធ្យោបាយដោះស្រាយជម្លោះជុំវិញរឿងប្រវត្តិសាស្ត្រ និងជំរុញបង្កើនសហប្រតិបត្តិការ ប៉ុន្តែបានបរាជ័យក្នុងការសម្រេចកិច្ចព្រមព្រៀង។


ដោយមិនបានផ្តល់សេចក្តីលម្អិតបន្ថែម លោក បាននិយាយបន្តទៀតថា “កិច្ចពិភាក្សាគ្នាត្រូវបានប្រារព្ធធ្វើឡើងដោយមេត្រីភាព និងបង្កើតឲ្យមានដំណើរវិវត្តន៍ទៅមុខដ៏គួរឲ្យកត់សម្គាល់ ប៉ុន្តែវានៅតែមិនត្រូវបានគេចាត់ទុកថា ជាលទ្ធផលនៃជំនួបកំពូល ហើយយើងបានពិចារណាលើកាលៈទេសៈផ្សេងទៀត”៕


ប្រែសម្រួល៖ប៉ាង កុង

To Top