ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីស្តីទី នៃប្រទេសហៃទី នឹងចុះចេញពីតំណែង

បរទេស៖ នាយករដ្ឋមន្ត្រីស្តីទី នៃប្រទេសហៃទី លោក Claude Joseph បាននិយាយនៅពេលថ្មីៗនេះថា លោកនឹងចុះចេញ ពីតំណែង ដូច្នេះលោក Ariel Henry ដែលត្រូវបានតែងតាំង កាលពីថ្ងៃទី០៥ ខែកក្កដា ដោយលោកប្រធានាធិបតី Jovenel Moise មុនពេលគេធ្វើឃាតនោះ អាចមកឡើងកាន់តំណែងនេះ។

លោក Ariel Henry បានកំពុងរង់ចាំ ស្បថចូលកាន់តំណែង ជានាយករដ្ឋមន្ត្រី នៅពេលដែលលោក Jovenel Moise ត្រូវគេធ្វើឃាត កាលពីថ្ងៃទី០៧ ខែកក្កដា ហើយលោក Claude Joseph បានបន្តកាន់តំណែងនេះ តាំងពីពេលនោះមក ដោយទុកប្រទេស ឲ្យស្ថិតនៅក្នុង មិនមានអ្នកដឹកនាំ ពេញលេញ។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារ​សារព័ត៌មាន UPI នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋមន្ត្រីរៀបចំការបោះឆ្នោត លោក Mathias Pierre បានមានប្រសសាសន៍ថា លោក Joseph នឹងវិលទៅកាន់តំណែង ចាស់របស់លោកវិញ គឺតំណែងជារដ្ឋមន្ត្រីការបរទេស។

យោងតាម ការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន CNN លោក Ariel Henry បានមានប្រសាសន៍ ក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំកំពុងតែស្នើឲ្យយើងទាំងអស់ រួបរួមសាមគ្គី និងធ្វើការងាររួមគ្នា ដើម្បីបញ្ឈប់ប្រទេសមិនឲ្យ ធ្លាក់ចុះកាន់តែជ្រៅ ហើយក្នុងពេលបច្ចុប្បន្ននេះ វាជាទំនួលខុសត្រូវរបស់យើង ក្នុងនាមជាថ្នាក់ដឹកនាំ ដើម្បីធ្វើការរួមគ្នាប្រឈមមុខនឹង ភាពលំបាករបស់យើង។ ខ្ញុំដឹងថា អ្នកខ្លះមានការភ័យខ្លាច និងមានមន្ទិលសង្ស័យ អំពីអ្នកដែលនឹងដឹកនាំប្រទេស យើងមិនទាន់ត្រៀមខ្លួនរួចរាល់ទេ សម្រាប់ព្រឹត្តិការណ៍ថ្មីៗនេះ ប៉ុន្តែខ្ញុំអាចធានា ចំពោះអ្នកថា ក្នុងពេលដ៏ខ្លីខាងមុខ ខ្ញុំនឹងបង្ហាញរដ្ឋាភិបាល ចម្រុះថ្មីមួយ”៕

ប្រែសម្រួល៖ប៉ាង កុង

To Top