ព័ត៌មានអន្តរជាតិ

អាមេរិក បើកការ វាយប្រហារ តាមអាកាសដំបូង នៅសុម៉ាលី ក្រោយរដ្ឋបាល លោក បៃដិន

បរទេស ៖ មន្ទីរបញ្ចកោណ បានធ្វើការប្រកាសថា សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបើកការវាយប្រហារ តាមអាកាស ដោយប្រើកូនដ្រូន ទៅលើពួកសកម្មប្រយុទ្ធ អាល់សាបាប ហើយវាជាការវាយប្រហារ បែបនេះជាលើកដំបូង ទៅក្រុមពួកសកម្មប្រយុទ្ធ នៅក្រោមរដ្ឋបាលលោក បៃដិន ។

មន្ត្រីនាំពាក្យក្រសួងការពារជាតិ សហរដ្ឋអាមេរិក លោកស្រី Cindi King បានធ្វើការបញ្ជាក់ប្រាប់ពីការវាយប្រហារ តាមអាកាស នៅជិតទីក្រុង Galkayo នោះ ដល់ទីភ្នាក់ងារសារព័ត៌មាន Military.com និងទីភ្នាក់ងារសារព័ត៌មាន The New York Times ។

តាមសេចក្តីរាយការណ៍ លោកស្រីបានថ្លែងប្រាប់ថា សកម្មភាពវាយប្រហារ តាមអាកាសជាលើកដំបូងនេះ គឺស្ថិតក្នុងការគាំទ្រ ដល់កងទ័ពរបស់ប្រទេស សុម៉ាលី ដែលកំពុងតែប្រយុទ្ធ នឹងពួកអាល់ហ្សាបាប ។ ពួកសកម្មប្រយុទ្ធនេះ បានវាយប្រហារទៅលើកងពលតូច Danab ដែលជាកងកម្លាំង ពិសេសសុម៉ាលីបង្វឹក ដោយសហរដ្ឋអាមរិក ។

លោកស្រីមន្ត្រីនាំពាក្យ ក្រសួងការពារជាតិ អាមេរិករូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “គ្មានកងកម្លាំងសហរដ្ឋអាមេរិក អមជាមួយកងកម្លាំងសុម៉ាលី នៅក្នុងអំឡុងប្រតិបត្តិការ នេះទេ។ កងកម្លាំងសហរដ្ឋអាមេរិក កំពុងតែធ្វើបេសកកម្ម ផ្តល់ការណែនាំនិងជំនួយពីចម្ងាយ ក្នុងការគាំទ្រដល់កងកម្លាំង ដៃគូសុមាលី” ៕ ប្រែសម្រួល៖ប៉ាង កុង

To Top