បរទេស៖ រដ្ឋបាលលោក បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានធ្វើការចុះក្នុងបញ្ជីខ្មៅ នូវអតីតប្រធានាធិបតី នៃប្រទេសហុនឌូរ៉ាសលោក Porfirio “Pepe” Lobo Sosa និងភរិយារបស់លោក គឺលោកស្រី Rosa Elena Bonilla Avila សម្រាប់ការជាប់ពាក់ព័ន្ធ ក្នុងរឿងអំពើពុករលួយធ្ងន់ធ្ងរ ក្នុងពេលនៅកាន់តំណែង ដោយហាមឃាត់មិនឲ្យ ចូលក្នុងទឹកដីអាមេរិក។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រកាសពីការចុះក្នុងបញ្ជីខ្មៅនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលក៏បានហាមឃាត់ អតីតប្រធានាធិបតីរូបនេះ ឈ្មោះ Fabio Porfirio Lobo និងកូនស្រី ឈ្មោះ Ambar Naydee Lobo Bonilla ព្រមទាំងកូនទី៣មួយរូបទៀត ដែលកំណត់ថានៅជាអនីតិជន។
លោក Antony Blinken បានមានប្រសាសន៍យ៉ាងដូច្នេះថា “ការចុះបញ្ជីខ្មៅទាំងនេះ បង្ហាញជាថ្មីនូវការប្តេជ្ញាសហរដ្ឋអាមេរិក ចំពោះការប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ និងការមិនគោរពចំពោះក្រឹតក្រមនៃច្បាប់ រារាំងដល់ដំណើររីកចម្រើន នៅក្នុងប្រទេសហុនឌូរ៉ាស”។
តាមសេចក្តីរាយការណ៍ លោករដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានមានប្រសាសន៍បន្ថែមទៀតថា “ក្រសួងការបរទេស នឹងបន្តប្រើប្រាស់គ្រប់វិធីដែលមានទាំងអស់ ដើម្បីលើកកម្ពស់គណនេយ្យភាព សម្រាប់អ្នកប្រព្រឹត្តអំពើពុករលួយ និងប្រយុទ្ធប្រឆាំងនិទណ្ឌភាព នៅក្នុងតំបន់និងសកលលោក” ៕
ប្រែសម្រួល៖ ប៉ាង កុង