រ៉ាម៉ាឡា៖ គណបក្សប៉ាឡេស្ទីនរបស់ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាប៉ាឡេស្ទីន បានអំពាវនាវដល់រដ្ឋាភិបាលអឺរ៉ុបហាមឃាត់ក្រុមហ៊ុនរបស់ពួកគេ ពីការធ្វើពាណិជ្ជកម្មជាមួយការតាំងទីលំនៅរបស់អ៊ីស្រាអែល នៅលើទឹកដីប៉ាឡេស្ទីន។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “វាដល់ពេលដែលរដ្ឋាភិបាលអឺរ៉ុប អនុវត្តច្បាប់អន្តរជាតិ ស្តីពីការបញ្ឈប់រាល់ការធ្វើជំនួញគ្រប់ប្រភេទជាមួយការតាំងទីលំនៅរបស់អ៊ីស្រាអែល ដែលបានសាងសង់លើទឹកដីដែលប៉ាឡេស្ទីន កាន់កាប់” ។
ក្រុមហ៊ុនផលិតការ៉េម Ben & Jerry’s ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងឈប់លក់ការ៉េមនៅក្នុងការតាំងទីលំនៅនានា នៅតំបន់វេសប៊ែង ដែលកាន់កាប់ដោយអ៊ីស្រាអែល និងបានបញ្ចូលតំបន់យេរ៉ូសាឡឹមខាងកើត។
អ៊ីស្រាអែល បានកាន់កាប់តំបន់វេសប៊ែង និងយេរ៉ូសាឡឹមខាងកើត ក្នុងសង្គ្រាមមជ្ឈឹមបូព៌ា ឆ្នាំ ១៩៦៧ ហើយបានគ្រប់គ្រងពួកគេតាំងពីពេលនោះមក។ ការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វ ត្រូវបានចាត់ទុកថា ជាការរំលោភច្បាប់អន្តរជាតិ ដោយសហគមន៍អន្តរជាតិភាគច្រើន៕
ដោយ ឈូក បូរ៉ា