ព័ត៌មានអន្តរជាតិ

News Update ៖ ក្រុមគ្រួសារ ជនរងគ្រោះ ដោយសាររលំបាក់អគារខុនដូ នៅផ្លរីដា នឹងទទួលសំណង គិតទឺកប្រាក់១៥០លានដុល្លារ

ផ្លរីដា ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ថា ដោយសារកម្ទេចកម្ទី ដែលនៅសេសសល់ពីការដួលរលំអគារ ខុនដូ ដែលមានកម្ពស់១២ជាន់ ត្រូវបានគេលុបចោល កាលពីថ្ងៃពុធ ចៅក្រមនៅរដ្ឋផ្លរីដា បានលើកឡើងថា ជនរងគ្រោះ និងក្រុមគ្រួសារ ដែលទទួលរងការខាតបង់ នឹងទទួលបានសំណង ជាអប្បបរមាចំនួន១៥០លានដុល្លារ ។

លោកចៅក្រម Michael Hanzman បានលើកឡើង នៅក្នុងសវនាការថា ទឹកប្រាក់សរុបនេះបូករួមបញ្ចូល ទាំងការធានារ៉ាប់រង ប្រហែល៥០លានដុល្លារអាមេរិក លើអគារ Champlain TowersSouth និងយ៉ាងហោចណាស់ ទឹកប្រាក់១០០លានដុល្លារ អាមេរិក បានពីការ លក់អចលនទ្រព្យ Surfside ។

លោកចៅក្រមបានថ្លែងថា “ការព្រួយបារម្ភរបស់តុលាការ តែងតែគិតដល់ជនរងគ្រោះនៅទីនេះ” ដោយបានបន្ថែមថា ក្រុមនេះ រួមមានភ្ញៀវទេសចរ និងអ្នកជួលមិនត្រឹមតែម្ចាស់ខុន ដូប៉ុណ្ណោះទេ ។ សិទ្ធិរបស់ពួកគេនឹងត្រូវបានការពារ ។

គួរបញ្ជាក់ថា ទឹកប្រាក់ចំនួន១៥០លានដុល្លារ អាមេរិក មិនបានរាប់បញ្ចូលពីបណ្តឹង ជាច្រើនដែលបានប្តឹងរួចហើយចាប់តាំង ពីការដួលរលំកាលពីថ្ងៃទី២៤ ខែមិថុនាដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់៩៧នាក់ ។

ចៅក្រមបានថ្លែងថា បណ្តឹងទាំងនោះកំពុងត្រូវបានបញ្ចូល ទៅក្នុងសកម្មភាពតែមួយដែលនឹងគ្របដណ្តប់ លើជនរងគ្រោះនិងសមាជិកគ្រួសារទាំងអស់ ប្រសិនបើពួកគេជ្រើសរើស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top