បរទេស៖ ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ថា ជនបរទេសជាច្រើន រួមទាំងជនជាតិបារាំង ពីរនាក់ផងដែរត្រូវបានឃុំខ្លួន ពាក់ព័ន្ធនឹងការប៉ុនប៉ង ធ្វើឃាតដ៏សាហាវ ទៅលើប្រធានាធិបតី ប្រទេស ម៉ាដាហ្គាស្កា គឺលោក Andry Rajoelina។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មាន AFP បានដកស្រង់សំដី ការិយាល័យ អយ្យការរបស់ប្រទេសនេះថា ប្រធានាធិបតី ម៉ាដាហ្គាស្កា លោក Andry Rajoelina បានរួចផុត ពីការប៉ុនប៉ងធ្វើឃាតនេះ។
ជនបរទេស និងអ្នកស្រុកម៉ាដាហ្គាស្ការ មួយចំនួន ត្រូវបានឃុំខ្លួន ជាផ្នែកមួយ នៃការស៊ើបអង្កេត លើការប៉ុនប៉ងធ្វើឃាតនេះ។
យោងតាមប្រភពព័ត៌មាន ការទូតរបស់ទីភ្នាក់ងារព័ត៌មាន បានអោយដឹងថា ជនជាតិបារាំងពីរនាក់ ស្ថិតក្នុងចំណោម អ្នកដែលត្រូវបានឃាត់ខ្លួន ជាផ្នែកមួយ នៃការស៊ើបអង្កេត។
វិទ្យុ RFI បានរាយការណ៍ថា ជនបរទេសដែលត្រូវបាន ឃាត់ខ្លួនគឺលោក Paul Rafanoharana ជាជនជាតិបារាំង ដើមកំណើត ម៉ាដាហ្គាស្កា និងលោក Philippe Francois ជនជាតិបារាំង។
យោងតាមប្រភពអនាមិក របស់ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា លោក Rafanoharana ត្រូវបានចាប់ខ្លួននៅផ្ទះ របស់គាត់នៅល្ងាចថ្ងៃអង្គារ ខណៈដែលលោក Francois ត្រូវបានឃាត់ខ្លួន នៅឯអាកាសយានដ្ឋាន Ivato ខណៈពេលដែលគាត់ ព្យាយាមចាកចេញទៅប្រទេសបារាំង៕
ប្រែសម្រួលៈ ណៃ តុលា