ព័ត៌មានអន្តរជាតិ

អាមេរិក តែងតាំងប្រេសិតពិសេស សម្រាប់ប្រទេសហៃទី ក្រោយមានការធ្វើឃាត ប្រធានាធិបតី


បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នូវប្រេសិតពិសេសមួយរូបសម្រាប់ប្រទេសហៃទី ក្រោយមានហេតុការណ៍ធ្វើឃាតលោកប្រធានាធិបតីនៃប្រទេសនេះ កាលពីដើមខែនេះ។


យោងតាមសេចក្តីប្រកាសនោះ ក្រសួងការបរទេសអាមេរិក បានតែងតាំងលោកឯកអគ្គរដ្ឋទូត Daniel Foote ដែលជាសមាជិកនៃទីភ្នាក់ងារបរទេសជាន់ខ្ពស់មួយរូប ឲ្យធ្វើជាប្រេសិតពិសេសសម្រាប់ប្រទេសហៃទី ដើម្បីសម្របសម្រួលដល់សន្តិភាពនិងស្ថិរភាព ព្រមទាំងគាំទ្រកិច្ចប្រឹងប្រែងរៀបចំការបោះឆ្នោតជ្រើសប្រធានាធិបតីនិងរដ្ឋសភា ដោយសេរីនិងយុត្តិធម៌។

សេចក្តីប្រកាសដដែលនេះបាននិយាយដូច្នេះថា “លោកប្រេសិតពិសេស Foote នាំយកនូវបទពិសោធន៍ការទូតដ៏ទូលំទូលាយ មកកាន់តំណែងនេះ ដែលរួមទាំងជាអនុប្រធាននៃបេសកកម្មនៅក្នុងប្រទេសហៃទី និងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅហ្សាំប៊ី ហើយក្រសួងការបរទេសធ្វើការអបអរសាទរចំពោះលោកប្រេសិតពិសេស Foote ដែលលោកកាន់តួនាទីថ្មីរបស់លោក និងថ្លែងអំណរគុណលោក សម្រាប់ការបន្តកិច្ចការងាររបស់លោកសម្រាប់ប្រទេស”។


គួរបញ្ជាក់ថា ប្រធានាធិបតីនៃប្រទេសហៃទី លោក Jovenel Moise មានវ័យ៥៣ឆ្នាំ ត្រូវបានគេធ្វើឃាតនៅក្នុងគេហដ្ឋានរបស់លោក កាលពីថ្ងៃទី០៧ ខែកក្កដា ហើយភរិយារបស់លោកបានរងរបួស និងចាកចេញពីប្រទេស ក្រោមការគ្រប់គ្រងរបស់ប៉ូលិសជាតិនិងកងកម្លាំងប្រដាប់អាវុធ នេះបើតាមសម្តីនាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន លោក Claude Joseph។


ប្រែសម្រួល៖ប៉ាង កុង

To Top