ព័ត៌មានអន្តរជាតិ

ឧត្តមនាវីអាមេរិក ៖ នាវាមុជទឹកទ័ពជើងទឹក អាមេរិក ជំនាន់ថ្មី នឹងមានលក្ខណៈ ពិសេសខ្លាំង ជាងនាវាជំនាន់មុន

បរទេស ៖ ឧត្តមនាវីទ័ពជើងទឹក ជាន់ខ្ពស់អាមេរិកមួយរូប បានបង្ហើបប្រាប់នៅសប្ដាហ៍នេះថា នាវាមុជទឹកវាយប្រហារ ជំនាន់ថ្មី នឹងមានគុណសម្បត្តិ ដ៏ខ្លាំងក្លាបំផុតជាង នាវាជំនាន់មុនរបស់វា ដោយរួមបញ្ចូលទំាងសមត្ថភាពផ្ទុកទម្ងន់ ល្បឿន សូរសម្លេង ប្រព័ន្ធចាប់សញ្ញា ភាពអាចរកបាន នៃប្រតិបត្តិការ និងអាយុកាល នៃការប្រើប្រាស់ ។

លោកឧត្តមនាវី Bill Houston ជាប្រធាននៃការិយាល័យ តម្រូវការឧបករណ៍ក្រោមទឹក របស់ទ័ពជើងទឹក បានថ្លែងនៅក្នុងអំឡុង កិច្ចពិភាក្សាមួយថា ទ័ពជើងទឹកកំពុងសម្លឹង មើលអ្នកប្រមាណដ៏កំពូល ចុងក្រោយ សម្រាប់វិស័យដែនសមុទ្រ ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា កិច្ចពិភាក្សាគ្នា ដែលជាផ្នែក នៃសិក្ខាសាលាកត់ត្រាទុកមុននោះ ត្រូវបានចេញផ្សាយ ដោយកម្មវិធី Navy League នៅមុនការបង្ហាញ អំពីដែនសមុទ្រ ដែនអាកាស និងអវកាសប្រចាំឆ្នាំ ។

គួរបញ្ជាក់ថា នៅក្នុងកញ្ចប់ថវិកាការពារជាតិ អាមេរិកឆ្នំានេះ មានសំណើ៩៨លានដុល្លារ សម្រាប់ការអភិវឌ្ឍ នាវាមុជទឹក SSN(X) ។ កាលពីឆ្នាំមុន ទ័ពជើងទឹកអាមេរិក បាននិយាយថា ខ្លួននឹងចាប់ផ្តើមទិញនាវាមុជទឹកថ្មី ចំនួន៤២គ្រឿង នៅក្នុងឆ្នំា២០៣៤ ៕ប្រែសម្រួល៖ប៉ាង កុង

To Top