ព័ត៌មានអន្តរជាតិ

វៀតណាម សម្រេចបិទខ្ទប់ ទីក្រុងហាណូយ ១៥ថ្ងៃ ដោយសារករណី ឆ្លងជំងឺកូវីដ-១៩ កំពុងកើនឡើងខ្លាំង

ហាណូយ៖ ប្រទេសវៀតណាម បានប្រកាសពីការបិទទ្វាររយៈពេល ១៥ ថ្ងៃនៅរដ្ឋធានីហាណូយ ដោយចាប់ផ្តើមពីថ្ងៃសៅរ៍ ទី ២៤ ខែកក្កដានេះ ដោយសារការរីករាលដាល នៃមេរោគឆ្លងជំងឺកូវីដ-១៩ កំពុងកើនឡើងខ្លាំង។

បទបញ្ជាចាក់សោរ ដែលបានចេញកាលពីយប់ថ្ងៃសុក្រ ហាមឃាត់ការប្រមូលផ្តុំ មនុស្សពីរនាក់ នៅតាមទីសាធារណៈ។ មានតែការិយាល័យរដ្ឋាភិបាល មន្ទីរពេទ្យ និងអាជីវកម្មចាំបាច់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាត ឱ្យនៅបើកដំណើរការ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី បានឲ្យដឹងថា កាលពីដើមសប្តាហ៍នេះទីក្រុងហាណូយ បានផ្អាករាល់សកម្មភាពខាងក្រៅ និងបានបញ្ជាឱ្យអាជីវកម្ម ដែលមិនចាំបាច់ត្រូវបិទ បន្ទាប់ពីមានករណីឆ្លង ជំងឺកូវីដ-១៩ កើនឡើង។

កាលពីថ្ងៃសុក្រ ទីក្រុងហាណូយ បានរាយការណ៍ថា មានការឆ្លងចំនួន ៧០ ករណី ដែលជាចំនួនខ្ពស់បំផុត របស់ទីក្រុង ដែលជាផ្នែកមួយនៃកំណត់ត្រា ចំនួន ៧,២៩៥ ករណីនៅក្នុងប្រទេស ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។

នៅក្នុងនោះដែរមនុស្សជិត ៥០០០ នាក់នៃពួកគេ មកពីទីក្រុងធំបំផុត របស់ប្រទេសវៀតណាម គឺនៅភាគខាងត្បូង ទីក្រុងហូជីមិញ ដែលបានបន្តបិទទ្វារ រហូតដល់ថ្ងៃទី០១ ខែសីហា។ នៅក្នុងរលកចុងក្រោយ នៃជំងឺកូវីដ-១៩ ចាប់តាំងពីខែមេសា ប្រទេសវៀតណាម បានកត់សំគាល់ការឆ្លង ជាង ៨៣,០០០ករណី និងស្លាប់ ៣៣៥ នាក់៕ ដោយ ឈូក បូរ៉ា

To Top