បរទេស៖ ទន្ទឹមនឹងការដែលកងកម្លាំងអាមេរិក ចុងក្រោយនឹងចាកចេញ ពីអាហ្វហ្គានីស្ថាននោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានធ្វើការអះអាង ចំពោះលោកប្រធានាធិបតី អាហ្វហ្គានីស្ថាន Ashraf Ghani អំពីការគាំទ្រផ្នែកការទូត និងមនុស្សធម៌ របស់សហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ ស្របពេលដែលពួកតាលីបង់ បង្កើនសម្ពាធ លើរដ្ឋាភិបាលទីក្រុងកាប៊ុល ដែលសហរដ្ឋអាមេរិកគាំទ្រ។
សេចក្តីថ្លែងការណ៍ សេតវិមានមួយ បាននិយាយថា នៅក្នុងកិច្ចសន្ទនាគ្នា តាមទូរស័ព្ទមួយ លោក បៃដិន និងលោក Ghani បានយល់ស្របគ្នាថា ប្រតិបត្តិការវាយលុកបច្ចុប្បន្ន របស់ពួកតាលីបង់ គឺផ្ទុយទាំងស្រុង នឹងការអះអាង របស់ចលនានេះ ក្នុងការគាំទ្រ ដល់ការដោះស្រាយវិវាត ដែលបានចរចាគ្នា។
គួរបញ្ជាក់ថា លោក បៃដិន បានកំណត់ការបញ្ចប់ជាផ្លូវការ នូវបេសកកម្មយោធាអាមេរិក នៅអាហ្វហ្គានីស្ថាន ត្រឹមថ្ងៃទី៣១ខែសីហា ក្នុងខណៈលោកសម្លឹងផ្តាច់ខ្លួន ចេញពីជម្លោះមួយ ដែលបានចាប់ផ្តើម ក្រោយពួកអាល់កៃដា បានវាយប្រហារ សហរដ្ឋអាមេរិក នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។
ប៉ុន្តែអំពើហិង្សា បានកើនឡើងជាខ្លាំង ចាប់តាំងពីផែនការ ដកទ័ពនោះ ត្រូវបានប្រកាសក្នុងខែមេសា ដោយពួកតាលីបង់ បានធ្វើប្រតិបត្តិការវាយលុក ដណ្ដើមយកស្រុក និងច្រកព្រំដែនសំខាន់ៗ ព្រមទាំងឡោមព័ទ្ធ ឬក៏បិទនៅក្នុង ទីរួមខេត្តមួយចំនួន៕ ប្រែសម្រួល៖ប៉ាង កុង