ព័ត៌មានអន្តរជាតិ

មេបញ្ជាការកងកម្លាំង អវកាសអាមេរិក ស្វែងរកសម្ពន្ធភាព អឺរ៉ុប ដើម្បីទប់ទល់ នឹងការគម្រាមកំហែង


បរទេស៖ នៅក្នុងអំឡុងដំណើរទស្សនកិច្ចមួយ ទៅកាន់អឺរ៉ុប លោកឧត្តមសេនីយ៍ John Raymond ជាមេបញ្ជាការកងកម្លាំងអវកាសអាមេរិក បានមានប្រសាសន៍ប្រាប់ថា សហរដ្ឋអាមេរិកស្វះស្វែងរកដៃគូ ដើម្បីទប់ទល់នឹងការគម្រាមកំហែង ពីប្រទេសចិននិងរុស្ស៊ី។

លោក John Raymond បានជួបគ្នាជាមួយតំណាងមកពីប្រទេសលុចហ្សំបួរ អេស្ប៉ាញ ហូឡង់ និងប៊ែលហ្ស៊ិក កាលពីថ្ងៃព្រហស្បតិ៍ ក្នុងការស្វះស្វែងកសាងចំណងមិត្តភាព ឆ្ពោះទៅរកសហប្រតិបត្តិការនៃសម្ពន្ធមិត្ត ក្នុងវិស័យអវកាស។

ចាប់តាំងពីបង្កើតកងកម្លាំងអវកាស នៅក្នុងឆ្នាំ២០១៩មក ទីអវកាសត្រូវបានមន្ទីរបញ្ចកោណចាត់ទុកថា ជាទំនួលខុសត្រូវយោធា ហើយបេសកកម្មទាក់ទងនឹងទីអវកាស បានមានការផ្លាស់ប្តូរពីកងទ័ពអាកាស ទៅជាអង្គភាពកងកម្លាំងថ្មី។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Raymond បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងបានមើលឃើញ នូវអ្វីដែលចិននិងរុស្ស៊ីបានធ្វើ ក្នុងការអភិវឌ្ឍបណ្ដុំសមត្ថភាព ដែលរចនាបង្កើតឡើងដើម្បីរារាំងការចូលទៅកាន់លំហអាកាសរបស់យើង”៕

ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top