អាប់ឌីស អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលគ្រប់គ្រង និងត្រួតពិនិត្យជំងឺប្រចាំទ្វីបអាហ្វ្រិក (Africa CDC)បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងទ្វីបអាហ្វ្រិក បានកើនឡើងដល់ ៦.៤១៥.៤១៣នាក់ គិតត្រឹមរសៀលថ្ងៃសៅរ៍ ។
មជ្ឈមណ្ឌល Africa CDC បានឲ្យដឹងថា ទីភ្នាក់ងារថែទាំសុខភាពពិសេស នៃសហភាពអាហ្វ្រិក បានឲ្យដឹងថា ចំនួនអ្នកស្លាប់ ពីជំងឺឆ្លងរាតត្បាត គឺមាន១៦២.៨៧៥នាក់ ទន្ទឹមនឹងនេះដែរ អ្នកជំងឺ ចំនួន៥.៦៣០.៥៦៤នាក់ បានជាសះស្បើយ ពីជំងឺនៅទូទាំងទ្វីប ។
យោងតាម Africa CDC បានឲ្យដឹងថា ប្រទេសអាហ្វ្រិកខាងត្បូង ម៉ារ៉ុក ទុយនេស៊ី អេហ្ស៊ីប និងអេត្យូពី ជាប្រទេសដែលមានអ្នកឆ្លងជំងឺច្រើនបំផុតនៅក្នុងទ្វីបនេះ ។
មជ្ឈមណ្ឌលបានកត់សម្គាល់ថា ប្រទេសអាហ្វ្រិកខាងត្បូង បានកត់ត្រាដែលមាន អ្នកឆ្លងជំងឺកូវីដ-១៩ច្រើនជាងគេបំផុតនៅក្នុងទ្វីបនេះ ដែលមានអ្នកឆ្លង ចំនួន២.៣៥៦.០៤៩នាក់ ទន្ទឹមនឹងនេះដែរ ប្រទេសនៅភាគខាងជើង ទ្វីបអាហ្វ្រិក គឺ ប្រទេសម៉ារ៉ុក ត្រូវបានគេរាយការណ៍ មកថា មានករណី ឆ្លងជំងឺ៥៦៩.៦៦៨នាក់ គិតត្រឹមថ្ងៃសៅរ៍ ។
យោងតាមមជ្ឈមណ្ឌល Africa CDC បានឲ្យដឹងថា ករណីឆ្លងជំងឺ តំបន់ភាគខាងត្បូង នៃទ្វីបអាហ្វ្រិក គឺជាតំបន់ដែលរង ផលប៉ះពាល់ខ្លាំងបំផុត បន្ទាប់មក ភាគខាងជើង និងផ្នែកខ្លះនៃភាគខាងកើតនៃទ្វីប ទន្ទឹមនឹងនេះដែរ ភាគកណ្តាលទ្វីបអាហ្វ្រិក គឺបានរងផលប៉ះពាល់តិចបំផុតនៅក្នុងតំបន់ ៕
ដោយ៖ ម៉ៅ បុប្ផាមករា