ព័ត៌មានអន្តរជាតិ

ត្រឹម ២៤ម៉ោង ថៃមានអ្នកឆ្លង ជំងឺកូវីដ-១៩ រហូតដល់ជាង ១៥០០០នាក់

បាងកក ៖ ប្រទេសថៃ បានឲ្យដឹងថា ការឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃរបស់ខ្លួន ដែលបានបញ្ជាក់ថ្មីៗ បានកើនឡើងដល់ជាង ១៥,០០០ នាក់ជាលើកដំបូង ក្នុងកំឡុងពេលមានជំងឺរាតត្បាត ឆ្លងរាលដាលនេះ គឺត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីបានឆ្លងផុត សញ្ញាឆ្លងជំងឺចំនួន ១០,០០០នាក់ ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុនបានឲ្យដឹងថា ចំនួនករណីថ្មីនៃជំងឺកូវីដ-១៩ បានឈានដល់កម្រិតខ្ពស់បំផុត គឺ ១៥,៣៣៥ នាក់ ដែលមានអ្នកស្លាប់ចំនួន ១២៩ នាក់ ត្រឹមរយៈពេល ២៤ម៉ោង។

ដូចគ្នានឹងតំបន់អាស៊ីអាគ្នេយ៍ដែររលក នៃការបង្ករោគនាពេលបច្ចុប្បន្ន នៅក្នុងប្រទេសថៃ ត្រូវបានជំរុញដោយការរីករាលដាល នៃទម្រង់ឆ្លងថ្មី ដែលមានការរីករាលដាលខ្លាំង ។

មន្ទីរពេទ្យភាគច្រើន នៅតាមតំបន់នានាក្នុងរដ្ឋធានី ត្រូវបានគ្របដណ្ដប់ដោយ ចំនួនអ្នកជំងឺកើនឡើង ។ មនុស្សមួយចំនួន បានស្លាប់នៅក្នុងផ្ទះ របស់ពួកគេបន្ទាប់ពីឆ្លងមេរោគ។

ដំបូងឡើយប្រទេសថៃ ទទួលបានជោគជ័យ ក្នុងការទប់ស្កាត់ការឆ្លង ប៉ុន្តែពួកគេបានបន្ធូរបន្ថយ បន្តិចម្តងៗ ចាប់ពីខែមេសាឆ្នាំនេះ។ លទ្ធកម្មវ៉ាក់សាំង មានការពិបាក ហើយមានតែប្រជាជនប្រមាណ ២០ ភាគរយប៉ុណ្ណោះ ដែលបានទទួលវ៉ាក់សាំង ។

ដើម្បីឆ្លើយតបទៅនឹងការរិះគន់ ដែលកំពុងកើនឡើង រដ្ឋាភិបាល បានប្រញាប់ប្រញាល់ ចូលរួមក្នុងកម្មវិធី COVAX ដែលជាយន្តការចែករំលែកហានិភ័យ ជាសកល សម្រាប់លទ្ធកម្មប្រមូលផ្តុំ និង ចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយចំនួនករណីឆ្លង សរុបកើនឡើងដល់ ៤៩៧,៣០២ នាក់ ដែលមានអ្នកស្លាប់ ៤,០៥៩ នាក់ ៕ដោយ ឈូក បូរ៉ា

To Top