ព័ត៌មានអន្តរជាតិ

អាមេរិក បង្ហាញពីបំណងចង់ ធ្វើការជាមួយចិន ដើម្បីដោះស្រាយបញ្ហា អាវុធនុយក្លេអ៊ែរ កូរ៉េខាងជើង

ប៉េកាំង៖ ប្រភពពីក្រសួងការបរទេសបានឲ្យដឹងថា អនុរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោកស្រី Wendy Sherman បានគូសបញ្ជាក់ពីតម្រូវការ សម្រាប់ប្រទេសរបស់លោកស្រី និងប្រទេសចិន ដើម្បីធ្វើការរួមគ្នាក្នុងការ ដោះស្រាយបញ្ហាក្នុងតំបន់ និងពិភពលោក ដូចជាប្រទេសកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ ក្នុងដំណើរបំពេញទស្សនកិច្ច នៅប្រទេសចិន។

នៅក្នុងកិច្ចពិភាក្សារបស់លោកស្រី ជាមួយរដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី និងមន្ត្រីដទៃទៀត អ្នកការទូតអាមេរិកលេខ២ រូបនេះក៏បានសម្តែងការព្រួយបារម្ភ របស់សហរដ្ឋអាមេរិក ចំពោះលក្ខខណ្ឌសិទ្ធិមនុស្ស នៅក្នុងប្រទេសចិនផងដែរ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ដំណើរទស្សនកិច្ចរយៈពេល ពីរថ្ងៃរបស់លោកស្រី Sherman ទៅកាន់ប្រទេសចិន ភាគច្រើនផ្តោតលើការប្រជែងគ្នា កាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ។

អ្នកនាំពាក្យក្រសួង Ned Price បាននិយាយអំពីដំណើរ ទស្សនកិច្ចរបស់លោកស្រី ដែលបានបញ្ចប់ថា “អនុរដ្ឋមន្រ្តីការបរទេសបានលើកឡើង ពីការព្រួយបារម្ភជាឯកជនដូចដែល យើងមាននៅទីសាធារណៈអំពីសកម្មភាព PRC ជាច្រើន ដែលប្រឆាំងនឹងគុណតម្លៃ និងផលប្រយោជន៍របស់យើង និងសម្ព័ន្ធមិត្ត និងដៃគូរបស់យើងហើយដែល ធ្វើឱ្យខូចដល់សណ្តាប់ធ្នាប់ ផ្អែកលើច្បាប់អន្តរជាតិ” ។

លោក Price បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា “ជាមួយគ្នានេះលោកស្រីអនុរដ្ឋលេខាធិការ បានបញ្ជាក់ពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យ ដែលមានផលប្រយោជន៍ជាសកល ដូចជាវិបត្តិអាកាសធាតុ ការប្រយុទ្ធប្រឆាំងនឹងការមិនរីករាលដាល និងការព្រួយបារម្ភក្នុងតំបន់ រួមមានកូរ៉េខាងជើង អ៊ីរ៉ង់អាហ្វហ្គានីស្ថាន និងភូមាជាដើម” ៕

ដោយ ឈូក បូរ៉ា

To Top