ព័ត៌មានអន្តរជាតិ

អាមេរិក​ គ្រោងបន្តវាយប្រហារ តាមអាកាសនៅ អាហ្វហ្គានីស្ថាន ប្រសិនបើការវាយប្រហារ ពីពួកតាលីបង់មិនថយចុះ

បរទេស៖មេបញ្ជាការនៃទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក បាននិយាយថា ការវាយប្រហារតាមអាកាសនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នឹងធ្វើបន្តទៀត ដរាបណាកងកម្លាំងអាហ្វហ្គានីស្ថាន នៅតែរងការវាយប្រហារពីពួកតាលីបង់ ក្នុងខណៈកងទ័ពអាមេរិកដកចេញពីប្រទេសនេះ។


មេបញ្ជាការនៃទីបញ្ជាការកណ្ដាល លោកឧត្តមសេនីយ៍ Frank McKenzie បានធ្វើការលើកឡើងពីការវាយប្រហារតាមអាកាសនោះ នៅក្នុងដំណើរទស្សនកិច្ចនៅទីក្រុងកាប៊ុល កាលពីថ្ងៃអាទិត្យ ដែលធ្វើឡើងស្របពេលដែលយោធាសហរដ្ឋអាមេរិក បានដកកងទ័ពនិងសម្ភារៈចេញពីអាហ្វហ្គានីស្ថានបានចំនួនប្រហែល៩៥ភាគរយ។

លោក Frank McKenzie បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំអះអាងជាថ្មីចំពោះរដ្ឋាភិបាលថា យើងនៅតែបន្តផ្តល់ការវាយប្រហារតាមអាកាស ក្នុងកិច្ចការពារកងម្លាំងការពារជាតិអាហ្វហ្គានីស្ថាន ដែលស្ថិតក្រោមការវាយប្រហារពីពួកតាលីបង់ ផ្តល់ជំនួយសម្រាប់ការដឹកជញ្ជូនទាំងនៅទីនេះក្នុងទីក្រុងកាប៊ុល និងទីផ្សេងៗក្នុងតំបន់ ផ្តល់ឲ្យពួកគេនូវការចែករំលែកការណ៍សម្ងាត់ ផ្តល់ការណែនាំ និងជួយតាមរយៈការពិគ្រោះយោបល់សន្តិសុខ ក្នុងកម្រិតយុទ្ធសាស្ត្រ”។


គួរបញ្ជាក់ថា យោងតាមទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក កងទ័ពអាមេរិក បានចាប់ផ្តើមដកចេញពីប្រទេសអាហ្វហ្គានីស្ថាន កាលពីដើមឆ្នាំនេះ ក្រោយឈរជើងក្នុងប្រទេសនេះអស់រយៈពេល២០ឆ្នាំ ហើយក្នុងពេលបច្ចុប្បន្ននេះ ដំណើរការដកកងទ័ពចេញវិញ បានសម្រេចប្រហែល៩៥ភាគរយហើយ៕


ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top