បរទេស៖ ប្រទេសចិនបាននិយាយថា ទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោន បានធ្វើឲ្យប្រសើរឡើងនូវ ការយោគយល់គ្នាទៅវិញទៅមក ក្រោយមួយថ្ងៃបន្ទាប់ពី មានជំនួបមួយរវាង អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានលើកឡើងពីវិធីសាស្ត្រផ្សេងៗ ចំពោះបញ្ហាសិទ្ធិមនុស្ស និងគោលនយោបាយបរទេស។
សេចក្តីថ្លែងការណ៍របស់ចិននេះ គឺត្រូវបានធ្វើឡើង នៅថ្ងៃតែមួយដែលរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានមានប្រសាសន៍ នៅក្នុងប្រទេសសិង្ហបុរីថា លោកប្តេជ្ញាចំពោះចំណងមិត្តភាព ប្រកបដោយស្ថិរភាព និងអំណោយផលល្អជាមួយប្រទេសចិន ។
មន្ត្រីនាំពាក្យការទូតចិន លោក Zhao Lijian បាននិយាយនៅថ្ងៃអង្គារ ក្នុងសន្និសីទកាសែតមួយថា លោកស្រី Wendy Sherman និងលោក វ៉ាង យី ព្រមទាំងអនុរដ្ឋមន្ត្រីការបរទេសចិន លោក Xie Feng បានធ្វើការសន្ទនាគ្នាយ៉ាង ស៊ីជម្រៅនិងហ្មត់ចត់ ក្នុងកិច្ចជំនួបជាង៦ម៉ោង។
លោក Zhao Lijian បាននិយាយប្រាប់បន្តថា ការជួបគ្នានេះ គឺជាអន្តរកម្មការទូតដ៏ មានសារៈសំខាន់មួយទៀត រវាងប្រទេសចិននិងសហរដ្ឋអាមេរិក ក្រោយកិច្ចពិភាក្សាគ្នានៅក្នុងទីក្រុងអាន់ចូវ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI ៕
ប្រែសម្រួល៖ ប៉ាង កុង