បរទេស ៖ ឯកអគ្គរដ្ឋទូត ប្រចាំនៅទីក្រុងវ៉ាស៊ីនតោនថ្មី របស់ចិន លោក Qin Gang នៅថ្ងៃពុធសប្ដាហ៍នេះ បានជួនពរឲ្យអាមេរិក ជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំង ជម្ងឺកូវីដ១៩ និងបាននិយាយថា សក្ដានុពលដ៏អស្ចារ្យ ទន្ទឹងរង់ចាំចំណងមិត្តភាពទ្វេភាគី ជាសម្តីបង្ហាញពីភាពសុទិដ្ឋនិយម ក្នុងខណៈលោកធ្វើដំណើរ ទៅដល់អាមេរិក ស្របពេលមានភាពជាប់គាំង កាន់តែខ្លាំងក្នុងចំណងមិត្តភាពប្រទេសទាំងពីរ ។
ការធ្វើដំណើរទៅដល់ របស់ឯកអគ្គរដ្ឋទូតចិនថ្មីនេះ គឺត្រូវបានធ្វើឡើង ក្រោយប៉ុន្មានថ្ងៃបន្ទាប់ ពីកិច្ចពិភាក្សាលំដាប់ខ្ពស់ ក្នុងទីក្រុងធានជីង ប្រទេសចិន រវាងអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman និងមន្ត្រីការទូតជាន់ខ្ពស់ចិននានា បញ្ចប់ដោយភាគីទាំងពីរបង្ហាញថា ភាគីផ្សេងត្រូវតែធ្វើសម្បទាន ដើម្បីឲ្យចំណងមិត្តភាព មានភាពល្អប្រសើរឡើង ។
លោក Qin Gang វ័យ៥៥ឆ្នាំ ដែលជាអនុរដ្ឋមន្ត្រីការបរទេសមួយរូប ដែលកាន់តួនាទីថ្មីៗនេះ រួមបញ្ចូលទាំងកិច្ចការនិងពិធីការអឺរ៉ុបនោះ ចូលមកកាន់តំណែងជំនួស ឯកអគ្គរដ្ឋទូតប្រចាំនៅអាមេរិក ដ៏យូរបំផុតរបស់ចិន លោក Cui Tiankai មានអាយុ៦៨ឆ្នាំ ដែលកាល់ពីឆ្នាំមុន បានប្រកាសពីការចាកចេញ ពីតំណែងរបស់លោក ក្រោយរយៈពេល៨ឆ្នាំនៅវ៉ាស៊ីនតោន ។
នៅគេហដ្ឋានរបស់លោក ក្នុងរដ្ឋធានីសហរដ្ឋអាមេរិក ក្រោយធ្វើដំណើរទៅដល់ អាកាសយានដ្ឋាននោះ លោក Qin Gang បានមានប្រសាសន៍ យ៉ាងដូច្នេះថា “ខ្ញុំជឿជាក់យ៉ាងមុតមាំថា ទ្វារនៃចំណងមិត្តភាពចិន-អាមេរិក ដែលបើកចំហស្រាប់ហើយនោះ មិនអាចនិងមិនគួរបិទនោះទេ”៕
ប្រែសម្រួល៖ប៉ាង កុង