ព័ត៌មានអន្តរជាតិ

មន្ត្រីយោធាជាន់ខ្ពស់ កូរ៉េខាងជើង បង្ហាញខ្លួនជាថ្មី បន្ទាប់ពីអវត្តមាន និងរងការស្តីបន្ទោស

បរទេស៖ មន្ត្រីកូរ៉េខាងជើង មួយរូប ដែលត្រូវបានស្តីបន្ទោស ដោយមេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីខែមិថុនា សម្រាប់ភាពខ្សោយ ក្នុងការគ្រប់គ្រង ជម្ងឺកូវីដ១៩នោះ បានបង្ហាញខ្លួនជាថ្មី នៅក្បែរមេដឹកនាំកូរ៉េខាងជើង ក្នុងអំឡុងដំណើរទស្សនកិច្ច លោក គីម ជុងអ៊ុន នៅវិមានមិត្តភាព ចិននិងកូរ៉េ ក្នុងទីក្រុងព្យុងយ៉ាង។

លោក Ri Pyong Chol ដែលជាអនុប្រធាន នៃគណៈកម្មការយោធាកណ្ដាល កាលពីឆ្នាំមិញ ត្រូវបានគេលើកឡើង នៅក្នុងសេចក្តីរាយការណ៍មួយ ស្តីពីទស្សនកិច្ច មេដឹកនាំកូរ៉េខាងជើង នៅក្នុងកាសែត បក្សពលករកូរ៉េ ឈ្មោះ Rodong Sinmun កាលពីថ្ងៃព្រហស្បតិ៍។

យោងតាម កាសែតកូរ៉េខាងជើង ខាងលើនេះ លោក Pak Jong Chon ជាប្រធានបុគ្គលិកទូទៅ នៃយោធាកូរ៉េខាងជើង និងជាសមាជិកមួយរូប នៃការិយាល័យនយោបាយ ក៏នៅអមជាមួយ មេដឹកនាំកូរ៉េខាងជើង នោះផងដែរ។

ទីភ្នាក់ងារសារព័ត៌មាន កូរ៉េខាងត្បូង News 1 បានរាយការណ៍ថា មន្ត្រីក្រសួងបង្រួបបង្រួម កូរ៉េខាងត្បូងមួយរូប បាននិយាយប្រាប់អ្នកសារព័ត៌មានថា លោក Ri Pyong Chol បានកាន់តំណែងខ្ពស់ជាងមុន នៅក្នុងចំណោមបុគ្គលិកយោធា នៅក្នុងអំឡុងដំណើរទស្សនកិច្ច វិមានមិត្តភាពនោះ៕

ប្រែសម្រួល៖ប៉ាង កុង

To Top