បរទេស៖ពួកឧទ្ទាមស៊ីរី តាមសេចក្តីរាយការណ៍ បានបើកការវាយប្រហារដោយកាំភ្លើងធំមួយ ទៅលើប៉ុស្តិ៍ត្រួតពិនិត្យរបស់ទាហានស៊ីរី នៅក្នុងខេត្ត Deraa ភាគខាងត្បូងប្រទេស ហើយនេះជាការប្រយុទ្ធគ្នាដ៏ធំមួយ ចាប់តាំងពីកងកម្លាំងរដ្ឋាភិបាលកាន់កាប់តំបន់ កាលពី៣ឆ្នាំមុន។
ការវាយប្រហារដែលរីករាលដាលខ្លាំងឡើង ទៅលើប៉ុស្តិ៍ទាហាន នៅជិតផ្លូវហៃវ៉េ Damascus-Deraa ឆ្ពោះទៅកាន់ច្រកព្រំដែន Nassib ជាប់នឹងប្រទេសហ្ស៊កដានី ក៏បានរំខានដល់អ្នកដំណើរនិងការចរាចជំនួញ នៅច្រកដ៏ចម្បងសម្រាប់ទំនិញ ពីប្រទេសលីបង់និងស៊ីរី ទៅកាន់តំបន់ឈូងសមុទ្រផងដែរ។

ពួកឧទ្ទាម ប្រជាពលរដ្ឋនិងទាហានស៊ីរី បាននិយាយថា ប៉ុស្តិ៍ត្រួតពិនិត្យជាច្រើន នៅជុំវិញទីក្រុងសំខាន់ៗនិងភូមិនានាជាប់ទីក្រុង Nawa នៅខាងជើងខេត្ត Muzarib ជិតព្រំដែនជាប់ប្រទេសហ្ស៊កដានី ក៏ត្រូវបានវាយដណ្ដើមយកបានផងដែរ។
ជនផ្តាច់ខ្លួនយោធាជាន់ខ្ពស់ ដែលបញ្ជាក់ពីការបែកធ្លាយព័ត៌មានរបស់កងទ័ព បាននិយាយថា កងទ័ពស៊ីរី បានបញ្ជូនកងកម្លាំងជំនួយ ពីកងពលធំលេខ៤ ដែលគ្រប់គ្រងដោយក្រុម Maher របស់លោកប្រធានាធិបតីស៊ីរី បាហ្សា អាល់អាសាដ នៅក្នុងការប្រយុទ្ធគ្នានេះ៕
ប្រែសម្រួល៖ប៉ាង កុង
