ហ្សឺណែវ ៖ សហរដ្ឋអាមេរិក និងរុស្ស៊ី បានរៀបចំកិច្ចសន្ទនាកម្រិតខ្ពស់ ស្តីពីស្ថេរភាពយុទ្ធសាស្ត្រ ដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងសមភាគី រុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្តេជ្ញានៅពេលពួកគេជួបគ្នា នៅទីក្រុងហ្សឺណែវ កាលពីខែមុន ។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័តមានចិនស៊ិនហួ បានឲ្យដឹងថា កិច្ចពិភាក្សានេះដឹកនាំដោយអនុរដ្ឋលេខាធិការ សហរដ្ឋអាមេរិកលោកស្រី Wendy Sherman និងអនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergey Ryabkov បានធ្វើឡើងនៅទីនេះ នៅពីក្រោយកិច្ច ពិភាក្សាបិទទ្វារ។
សេចក្តីថ្លែងការណ៍ របស់រដ្ឋាភិបាលអាមេរិក ដែលបានចេញនៅថ្ងៃពុធ នេះបានឲ្យដឹថា គណៈប្រតិភូអាមេរិក បានពិភាក្សាអំពីអាទិភាព គោលនយោបាយអាមេរិក និងបរិយាកាស សន្តិសុខបច្ចុប្បន្ន ការយល់ឃើញថ្នាក់ជាតិ ចំពោះការគំរាមកំហែង ដល់ស្ថិរភាពយុទ្ធសាស្ត្រ ការរំពឹងទុក សម្រាប់ការគ្រប់គ្រងអាវុធនុយក្លេអ៊ែរថ្មី និងទម្រង់សម្រាប់វគ្គ“ កិច្ចសន្ទនាស្ថេរភាពយុទ្ធសាស្ត្រ” នាពេលអនាគត ។
កិច្ចពិភាក្សានៅទីក្រុងហ្សឺណែវ មានលក្ខណៈវិជ្ជាជីវៈ និង មានសារៈសំខាន់។ គណៈប្រតិភូទាំងពីរ បានយល់ព្រមជួប គ្នាម្តងទៀត នៅក្នុងសម័យប្រជុំពេញ អង្គនៅចុងខែកញ្ញា និងធ្វើការពិគ្រោះយោបល់ក្រៅផ្លូវការ ជាបណ្តោះអាសន្ន ក្នុងគោលបំណង កំណត់ប្រធានបទ សម្រាប់ក្រុមការងារជំនាញ នៅកិច្ចប្រជុំពេញអង្គលើកទី ២ នេះបើតាមសេចក្តីថ្លែង ការណ៍។
សេចក្តីថ្លែងការណ៍មួយ ដែលចេញដោយក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងផងដែរថា កិច្ចប្រជុំនៅថ្ងៃពុធនេះ បានគ្របដណ្តប់លើប្រធានបទ“ ទូលំទូលាយ” មួយចំនួន។
សេចក្តីថ្លែងការណ៍របស់រុស្ស៊ីបានឲ្យដឹងថា“ យោងតាមការណែនាំរបស់ប្រធានាធិបតី នៃប្រទេសទាំងពីរ ការពិភាក្សា ដ៏ទូលំទូលាយ អំពីវិធីសាស្រ្តរបស់ភាគី ដើម្បីរក្សាស្ថេរភាព យុទ្ធសាស្ត្រការរំពឹងទុក សម្រាប់ការគ្រប់គ្រងអាវុធ និងវិធានការកាត់ បន្ថយហានិភ័យ ត្រូវបានធ្វើឡើង”៕ដោយ ឈូក បូរ៉ា