បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ប្រទេសគុយវែត បានប្រកាសជាផ្លូវការ ហើយថានឹងត្រៀមខ្លួនរួចរាល់ ដើម្បីចាប់ផ្តើមស្វាគមន៍ ភ្ញៀវបរទេសទាំងឡាយ ដែលទទួលបានការវ៉ាក់សាំង រួចរាល់ឲ្យធ្វើដំណើរ ចូលប្រទេស
របស់ខ្លួនបាន ឡើងវិញហើយ ។
អ្នកនាំពាក្យ របស់ក្រសួងសុខាភិបាល លោក Abdullah Al-Sanad បានបញ្ជាក់ប្រាប់ នៅក្នុងសន្និសិទសារព័ត៌មាន មួយកាលពីថ្ងៃសុក្រម្សិលមិញថា អាកាសយានដ្ឋាន របស់ប្រទេសគុយវែត នឹងចាប់ផ្តើមធ្វើការពិនិត្យ និងអនុញ្ញាតិឲ្យភ្ញៀវបរទេស អាចធ្វើដំណើរចូលមក
កាន់ប្រទេសរបស់ខ្លួនវិញចាប់ពីថ្ងៃទី១ ខែសីហា តទៅ ប៉ុន្តែសម្រាប់តែអ្នកដែលមានប័ណ្ណ វ៉ាក់សាំងប៉ុណ្ណោះ ។
លើសពីនេះយោងតាមការ បញ្ជាក់របស់រដ្ឋាភិបាល ក៏បានឲ្យដឹងដែរថា រាល់អ្នកធ្វើដំណើរមកដល់ប្រទេសគុយវែត ទាំងអស់នឹងត្រូវទាមទារឲ្យធ្វើការតេស្ត PCR Test ឲ្យបានមុន៧២ម៉ោងមុន ការមកដល់ផងដែរ ប្រសិនបើមិនចង់ធ្វើការដាក់ខ្លួន ឲ្យនៅដាច់ដោយឡែក រយៈពេល៧ថ្ងៃ៕
ប្រែសម្រួល៖ស៊ុនលី