Covid-19

ថៃ ចាប់ដៃចិន ដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ-១៩ ដែលកំពុងរាលដាលខ្លាំង

បាងកក៖ ឧបនាយករដ្ឋមន្ត្រីថៃលោក Anutin Charnvirakul បានលើកឡើងថា ប្រទេសចិននិងប្រទេសថៃ មានកិច្ចសហប្រតិបត្តិការល្អក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ -១៩ ហើយប្រទេសទាំងពីរ នឹងបន្តគាំទ្រគ្នាទៅវិញទៅមក លើបញ្ហានេះ។

ដោយសម្ដែងការដឹងគុណ ចំពោះជំនួយរបស់ចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ លោកបានលើកឡើងថា“ រដ្ឋាភិបាលចិន តែងតែគាំទ្រប្រទេសរបស់យើង ក្នុងកម្រិតច្រើនបំផុត ហើយយើងបានទទួលការរួមចំណែកជាច្រើន” ។

លោកបានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួថា“ ខ្ញុំអាចនិយាយខ្លាំងៗ ថាប្រជាជនថៃ តែងតែមានអារម្មណ៍ថាមានភាតរភាពរវាងជនជាតិចិន និងជនជាតិថៃ” ។

លោក Anutin Charnvirakul ដែលជារដ្ឋមន្រ្តីក្រសួងសុខាភិបាលរបស់ប្រទេសផងដែរបានលើកឡើងថា“ ដោយមានកិច្ចសហការល្អ ដែលយើងមានជាមួយគ្នា យើងនឹងបន្តជួយគ្នាទៅវិញទៅមកតាម ដែលយើងអាចធ្វើបាន ហើយកិច្ចការនេះនឹងបន្តគ្មានទីបញ្ចប់” ។

វ៉ាក់សាំងស៊ីណូវ៉ាក់របស់ចិន គឺជាវ៉ាក់សាំងការពារកូវីដ -១៩ ដំបូងគេ ដែលបានចូលទៅប្រទេសថៃហើយបានជួយប្រទេសអាស៊ីអាគ្នេយ៍មួយនេះចាប់ផ្តើមកម្មវិធីចាក់ថ្នាំបង្ការថ្នាក់ជាតិរបស់ខ្លួនដោយមានលោក Anutin Charnvirakul ជាអ្នកចាក់មុនគេ។

វ៉ាក់សាំងចិន គឺជាវ៉ាក់សាំងដ៏សំខាន់ ដែលប្រទេសថៃ កំពុងប្រើ ដើម្បីចាក់ថ្នាំបង្ការរោគដល់ប្រជាជនរបស់ខ្លួន ខណៈដែលប្រទេសថៃ កំពុងប្រឈមមុខនឹងរលកដ៏អាក្រក់បំផុតនៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដោយប្រព័ន្ធវេជ្ជសាស្ត្ររបស់ខ្លួន ត្រូវបានគ្របដណ្តប់ ប្រទេសនេះត្រូវការការចាក់វ៉ាក់សាំងឲ្យបានឆាប់រហ័ស ដើម្បីគ្រប់គ្រងស្ថានការណ៍៕

ដោយ ឈូក បូរ៉ា

To Top
×