ព័ត៌មានអន្តរជាតិ

ការស៊ើបអង្កេត ដំណាក់កាលទី២ នៃប្រភពដើមជំងឺកូវីដ-១៩ ត្រូវបានគេមើលឃើញថា ជាយុទ្ធនាការឃោសនា បោះឆ្នោត អាណត្ដិទី២ របស់អគ្គនាយក WHO

ញូវយ៉ក ៖ ដំណាក់កាលទី ២ នៃការស៊ើបអង្កេត ទៅលើប្រភពដើមនៃជំងឺកូវីដ -១៩ ដែលបានគ្រោងទុក ដោយអង្គការសុខភាព ពិភពលោក (WHO) ត្រូវបានគេមើលឃើញថា ជាការធ្វើយុទ្ធនាការ ដ៏មានសក្តានុពលមួយ ដោយអគ្គនាយកបច្ចុប្បន្ន របស់ខ្លួនគឺលោក Tedros Adhanom Ghebreyesus ដែលកំពុងឈរឈ្មោះ សម្រាប់អាណត្តិ ៥ ឆ្នាំទីពីរ នេះបើយោងតាមអត្ថបទមួយ ដែលបានចុះផ្សាយ នៅក្នុងកាសែតប៉ូលីទីកូ របស់អាមេរិក ។

បណ្តាប្រទេសជាសមាជិក អង្គការសុខភាពពិភពលោក ជាច្រើន នៅទីក្រុងហ្សឺណែវ មានការភ្ញាក់ផ្អើល ចំពោះវិធីសាស្រ្ត របស់លោក Tedros ក្នុងការស៊ើបអង្កេតបន្ថែមថា តើមេរោគនេះ បានលេចធ្លាយចេញ ពីមន្ទីរពិសោធន៍ ឬយ៉ាងណា នេះបើតាមអ្នកការទូត ពីររូប ដែលសុំមិន បញ្ចេញឈ្មោះ។

មន្រ្តីការទូតមើលឃើញថា នេះគឺជាយុទ្ធនាការ ដ៏មានសក្តានុពលមួយ របស់លោក Tedros ដើម្បីសម្របសម្រួល ជាមួយសហរដ្ឋអាមេរិក និងលោកខាងលិច ចំពោះការគាំទ្រ របស់ពួកគេបន្ទាប់ ពីការរិះគន់ថា អង្គការសុខភាពពិភពលោក មានភាពទន់ភ្លន់ ចំពោះប្រទេសចិន នៅពេលជំងឺរាតត្បាត បានចាប់ផ្តើម។

យោងតាមអត្ថបទ នេះអ្នកការទូតទី២ ដែលមានមូលដ្ឋាន នៅទីក្រុងហ្សឺណែវ បានលើកឡើងថា “ ប្រហែលជាលោក Tedros ទើបតែធ្វើការគណនា របស់លោក ហើយដឹងថា ចិន នឹងមិនអាចរារាំង ការជាប់ឆ្នោត របស់លោកបាននោះទេ” ។

គួរបញ្ជាក់ថា ការជ្រើសរើសអគ្គនាយកអង្គការ សុខភាពពិភពលោកឡើងវិញ ក្នុងអាណត្ដិ ៥ឆ្នាំ នឹងប្រព្រឹត្តទៅនៅខែឧសភា ខាងមុខនេះ៕

To Top