ព័ត៌មានអន្តរជាតិ

អាមេរិក នឹងចាប់ផ្តើមកម្មវិធី ជនភៀសខ្លួន អាហ្វហ្គានីស្ថានថ្មី

បរទេស ៖ រដ្ឋបាលរបស់ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន នឹងចាប់ផ្តើមនូវកម្មវិធីថ្មីមួយ ដើម្បីផ្តល់ទីស្នាក់នៅ ដល់ពលរដ្ឋអាហ្វហ្គានីស្ថាន ក្នុងនាមជាជនភៀសខ្លួន នៅសហរដ្ឋអាមេរិក នេះបើយោងតាមសម្តី មន្ត្រីរដ្ឋបាលមួយរូប និងប្រភពដែលដឹងរឿង ចំនួនពីរ និយាយប្រាប់នៅថ្ងៃអាទិត្យ។

ប្រភពទាំង៣ខាងលើនោះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះថា ក្រសួងការបរទេសសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងប្រកាសពីការបង្កើតកម្មវិធីជនភៀសខ្លួន ដែលហៅថា Priority Two នៅថ្ងៃចន្ទសប្ដាហ៍នេះ ។

ប៉ុន្តែនៅពេលភ្លាមៗនេះ ក្រសួងការបរទេស សហរដ្ឋអាមេរិក នៅមិនទាន់ផ្តល់ការឆ្លើយតបណាមួយ ចំពោះសំណើសុំការអត្ថាធិប្បាយ អំពីបញ្ហានេះនៅឡើយនោះទេ។

គួរបញ្ជាក់ថា កម្មវិធីផ្តល់ទីស្នាក់នៅ ដល់ជនភៀសខ្លួនអាហ្វហ្គានីស្ថាននោះ គឺត្រូវបានធ្វើឡើង ស្របពេលដែលការប្រយុទ្ធគ្នា មានការកើនខ្លាំងឡើង នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅមុនបញ្ចប់ជាផ្លូវការ នូវការដកទ័ពអាមេរិក នៅចុងខែនេះ ដោយពួកតាលីបង់បង្កើន ការប្រយុទ្ធដើម្បីដណ្ដើម ទីក្រុងតាមខេត្តសំខាន់ៗ​ ៕ប្រែសម្រួល៖ប៉ាង កុង

To Top