Covid-19

សហភាពអារ៉ាប់រួម ដាក់ឲ្យប្រើថ្នាំវ៉ាក់សាំងកូវីដ១៩ Sinopharm សម្រាប់កុមារអាយុ ៣ទៅ១៧ឆ្នាំ

បរទេស៖ រដ្ឋាភិបាលនៃប្រទេសសហភាពអារ៉ាប់រួម បាននិយាយលើសារ បណ្ដាញសង្គមធ្វីតធ័រមួយ នៅថ្ងៃចន្ទនេះថា សហភាពអារ៉ាប់រួម នឹងចាប់ផ្តើមប្រើប្រាស់ ថ្នាំវ៉ាក់សាំងកូវីដ១៩របស់ចិន គឺថ្នាំវ៉ាក់សាំង Sinopharm សម្រាប់កុមារមានអាយុពី ៣ឆ្នាំទៅ១៧ឆ្នាំ។

តាមការដកស្រង់សម្តីពី ក្រសួងសុខាភិបាល បានឲ្យដឹងថា ការសម្រេចិត្តនេះ គឺត្រូវបានធ្វើឡើង ក្រោយមានការធ្វើតេស្តនិងវាយតម្លៃ ប៉ុន្តែមិនបានផ្តល់សេចក្តីលម្អិត បន្ថែមទៀតនោះទេ។ កាលពីខែមិថុនា អាជ្ញាធរសហភាពអារ៉ាប់រួម បាននិយាយថា ការធ្វើតេស្តសាកល្បង នឹងត្រួតពិនិត្យមើលការឆ្លើយតប នៃភាពស៊ាំរបស់កុមារចំនួន ៩០០នាក់។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសនៅតំបន់ឈូងសមុទ្រ ដែលស្ថិតនៅក្នបុងចំណោម ប្រទេសមានអត្រាភាពស៊ាំខ្ពស់បំផុត លើពិភពលោកនោះ ធ្លាប់បានធ្វើការចាក់វ៉ាក់សំាង Pfizer-BioNTech រួចហើយ សម្រាប់កុមារអាយុចាប់ពី១២ទៅ១៥ឆ្នាំ។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលនៃ ប្រទេសសហភាពអារ៉ាប់រួម បាននិយាយកាលពីថ្ងៃអាទិត្យថា ៧៨,៩៥ភាគរយ នៃប្រជាជនសហភាពអារ៉ាប់រួម ប្រមាណ៩លាននាក់ បានទទួលថ្នាំវ៉ាក់សាំងមួយដូសរួចហើយ ក្នុងខណៈ ៧០,៥៧ភាគរយ បានចាក់ថ្នាំវ៉ាក់សាំងទាំងស្រុងរួច ៕

ប្រែសម្រួល៖ ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top