ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ៖ កូរ៉េខាងជើង ចង់ឲ្យបន្ធូរបន្ថយទណ្ឌកម្ម ដើម្បីចាប់ផ្តើម កិច្ចពិភាក្សាគ្នាជាថ្មី ជាមួយអាមេរិក

បរទេស ៖ សមាជិករដ្ឋសភា កូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើង ចង់ឲ្យបន្ធូរបន្ថយ ទណ្ឌកម្មអន្តរជាតិ ដែលរារាំងការនាំ ចេញលោហៈនិងការនាំ ចូលប្រេង ឥន្ធនៈចម្រាញ់រួច ព្រមទាំងភាពចាំបាច់ផ្សេងៗទៀត ក្នុងគោលបំណង ចាប់ផ្តើមជាថ្មីនូវកិច្ចពិភាក្សា លុបបំបាត់នុយក្លេអ៊ែ ជាមួយសហរដ្ឋអាមេរិក ។

ក្រៅពីនេះ កូរ៉េខាងជើង ក៏ទាមទារឲ្យបន្ធូរបន្ថយទណ្ឌកម្ម ដែលដាក់លើការនាំចូលទំនិញប្រណីតៗ ដើម្បីអាចនាំយកមកនូវស្រានិងសម្លៀកបំពាក់ល្អៗ នេះបើយោងតាមសំដីសមាជិករដ្ឋសភា កូរ៉េខាងត្បូង ដែល និយាយក្រោយទទួល បានសេចក្តីលម្អិត ពីទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់ដ៏ចម្បង របស់កូរ៉េខាងត្បូង ។

ការផ្តល់សេចក្តីលម្អិតនេះ គឺត្រូវបានធ្វើឡើង ក្រោយមួយសប្ដាហ៍បន្ទាប់ពីប្រទេសកូរ៉េទាំងពីរ បានស្តារឡើងវិញនូវខែ្សទំនាក់ទំនងបន្ទាន់ ដែលកូរ៉េខាងជើងបានផ្តាច់ចោលកាលពីមួយឆ្នាំកន្លងទៅ ប៉ុន្តែនៅថ្ងៃអង្គារនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង មិនបានលើកឡើងពីសំណើរថ្មីណាមួយ សុំឲ្យលើកលែងទណ្ឌកម្ម ដើម្បីចាប់ផ្តើមការពិភាក្សាគ្នាជាថ្មីនោះ។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ធនាគារកណ្ដាលកូរ៉េខាងត្បូង បាននិយាយប្រាប់ថា សេដ្ឋកិច្ច របស់ប្រទេសកូរ៉េខាងជើង បានទទួលរងនូវការ ធ្លាក់ចុះយ៉ាងខ្លាំងបំផុត ក្នុងរយៈពេល២៣ឆ្នាំ កន្លងមក នៅក្នុងឆ្នាំ២០២០ ស្របពេលដែលប្រទេសនេះ ទទួលរងសម្ពាធទណ្ឌកម្ម អង្គការសហប្រជាជាតិ វិធានការទប់ស្កាត់ ជម្ងឺកូវីដ១៩ និងបញ្ហាអាកាសធាតុ ៕ប្រែសម្រួល៖ប៉ាង កុង

To Top