បរទេស ៖ ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃនេះថា គ្មានការសម្រេចចិត្តធ្វើឡើង លើសហសមយុទ្ធយោធារបស់ខ្លួន ជាមួយនឹងសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែថាសមយុទ្ធទាំងនោះ មិនគួរបង្កើតភាពតានតឹងនោះឡើយ ក្រោយប្រទេស កូរ៉េខាងជើង បានធ្វើការព្រមាន មិនឲ្យកូរ៉េខាងត្បូង ធ្វើសមយុទ្ធក្នុងចន្លោះ ដែលវាជាសញ្ញា នៃការរលាយចំណងមិត្តភាព ។
ជាប្រក្រតី កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក តែងតែប្រារព្ធធ្វើសមយុទ្ធយោធា ដែលភាគច្រើន គឺនៅក្នុងនិទាឃរដូវនិងរដូវក្តៅ ប៉ុន្តែប្រទេសកូរ៉េខាងជើង តែងតែធ្វើការឆ្លើយតបវិញ ជាមួយការរិះគន់យ៉ាងខ្លាំងក្លា ដោយហៅសមយុទ្ធទាំងនោះថា ជាការហាត់សមសម្រាប់សង្គ្រាម ។
អ្នកនាង គីម យ៉ូជុង ដែលជាប្អូនស្រី របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងជាមន្ត្រីជាន់ខ្ពស់មួយរូប ក្នុងបក្សកាន់អំណាចនោះ បានធ្វើការព្រមាន ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យថា ការប្រារព្ធធ្វើសមយុទ្ធ នឹងធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែង កសាងចំណងមិត្តភាពឡើងវិញ។
គួរបញ្ជាក់ថា ការព្រមាន របស់ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងនេះ គឺត្រូវបានធ្វើឡើង ក្រោយប្រទេស កូរ៉េទាំងពីរ បានធ្វើការបង្កើតខ្សែ ទំនាក់ទំនង បន្ទាន់ឡើងវិញ ក្រោយត្រូវកូរ៉េខាងជើង កាត់ផ្តាច់ចោលកាលពីមួយឆ្នាំមុន ស្របពេល ដែលលោក គីម ជុងអ៊ុន និងលោកប្រធានាធិបតី កូរ៉េខាងត្បូង មូន ជេអ៊ីន សា្តរចំណងមិត្តភាពដែលជាប់គាំង និងបន្តធ្វើជំនួបកំពូល ៕ ប្រែសម្រួល៖ប៉ាង កុង
