ព័ត៌មានអន្តរជាតិ

UNICEF៖ ថ្នាំវ៉ាក់សាំងកូវីដ១៩ កូរ៉េខាងជើង ជួបឧបសគ្គ ចំពោះការដឹកជញ្ជូន

បរទេស៖ យោងទៅតាមសេចក្តីរាយការណ៍មួយ បានឲ្យដឹងថា ថ្នាំវ៉ាក់សាំងកូវីដ១៩ សម្រាប់ប្រទេសកូរ៉េខាងជើង កំពុងតែត្រូវបានពន្យាពេល ព្រោះតែរបបរបស់លោក គីម ជុងអ៊ុន មិនបំពេញតាមតម្រូវការ សម្រាប់ការដឹកជញ្ជូន។

មន្ត្រីនាំពាក្យ ឲ្យមូលនិធិកុមារអង្គការ សហប្រជាជាតិ ហៅកាត់ថា UNICEF បាននិយាយប្រាប់ថា ទីក្រុងព្យុងយ៉ាង មិនបានធ្វើការរៀបចំតាមដែលតម្រូវឲ្យធ្វើ បន្ទាប់ពីព្រមព្រៀង នាំចូលថ្នាំវ៉ាក់សំាងកូវីដ១៩ ចំនួនប្រហែល១,៧លានដូស នោះទេ។

UNICEF បាននិយាយយ៉ាងដូច្នេះថា “រដ្ឋាភិបាលមិនបានបំពេញ តាមទាំងស្រុង នូវជំហានត្រៀមរៀបចំចាំបាច់ នានាដែលតម្រូវ ដើម្បីទទួលបានថ្នាំវ៉ាក់សាំង ឧបត្ថម្ភ ដោយកម្មវិធី COVAX ប៉ុន្តែ UNICEF នឹងផ្តល់ជំនួយ ផ្នែកបច្ចេកទេស នៅក្នុងចំណុចនេះ” ។

តាមសេចក្តីរាយការណ៍ នាពេលបច្ចុប្បន្ន អង្គការសុខភាពពិភពលោក និង UNICEF កំពុងតែបន្តធ្វើការងារជាមួយ ក្រសួងសុខាភិបាល សាធារណៈ របស់ប្រទេសកូរ៉េខាងជើង ដើម្បីធានាឲ្យទទួលបាន ថ្នាំវ៉ាក់សាំងកូវីដ១៩ តាមរយៈកម្មវិធី COVAX៕

ប្រែសម្រួល៖ប៉ាង កុង

To Top