វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានជំរុញឱ្យរដ្ឋាភិបាលអ៊ីរ៉ង់ថ្មី ក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក Ebrahim Raisi វិលត្រឡប់មកចរចា ដើម្បីស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ឆ្នាំ ២០១៥ ឡើងវិញ ដោយបញ្ជាក់ថា ឱកាសការទូត នឹងមិនមានជារៀងរហូតនោះទេ។
លោក Raisi ដែលត្រូវបានជ្រើសរើស ជាប្រធានាធិបតីថ្មី របស់អ៊ីរ៉ង់ នៅថ្ងៃទី ១៨ ខែមិថុនាបានឡើងកាន់តំណែង ជាផ្លូវការ បន្ទាប់ពីក្រឹត្យរបស់មេដឹកនាំ កំពូល កាលពីថ្ងៃអង្គារ និងពិធីស្បថចូលកាន់តំណែង នៅក្នុងសភា កាលពីថ្ងៃព្រហស្បតិ៍។
អ្នកនាំពាក្យក្រសួងការបរទេស អាមេរិកលោក Ned Price បានលើកឡើងថា “ សាររបស់យើងផ្ញើជូន ប្រធានាធិបតីអ៊ីរ៉ង់ គឺដូចគ្នានឹងសាររបស់យើង ចំពោះអ្នកកាន់តំណែងមុនដែរ អាមេរិកនឹងការពារ និងជំរុញផលប្រយោជន៍ សន្តិសុខជាតិរបស់យើង និងដៃគូរបស់យើង។ យើងសង្ឃឹមថាអ៊ីរ៉ង់ ចាប់យកឱកាសឥឡូវនេះ ដើម្បីជំរុញដំណោះស្រាយការទូត”។
លោកបានបន្ថែមថា“ យើងបានបញ្ជាក់យ៉ាងច្បាស់ថា យើងបានត្រៀមខ្លួនវិលត្រឡប់ ទៅទីក្រុងវីយែន ដើម្បីបន្តការចរចា” ។ យើងទទូចឱ្យអ៊ីរ៉ង់ វិលត្រឡប់ទៅរក ការចរចាវិញក្នុងពេលឆាប់ៗ ដើម្បីយើងអាចស្វែងរក ការបញ្ចប់ការងាររបស់យើង” ។
បន្ទាប់ពីការចរចា ដោយប្រយោលចំនួន ៦ ជុំនៅក្នុងរដ្ឋធានីវីយែន ប្រទេសអូទ្រីស ចាប់តាំងពីខែមេសាមក ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់នៅតែមានភាពខ្វែងគំនិតគ្នាយ៉ាងខ្លាំង អំពីវិធីស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែរឡើងវិញ ដែលត្រូវបានគេស្គាល់ ជាផ្លូវការថាផែនការ សកម្មភាពរួមគ្នា (JCPOA) ។
លោក Price បានលើកឡើងថា“ ដំណើរការនេះមិនអាចដំណើរការ ដោយគ្មានកំណត់ឡើយ ឱកាសដើម្បីសម្រេចបាន នូវការវិលត្រឡប់ទៅវិញទៅមក ចំពោះការអនុលោមតាម JCPOA នឹងមិនមានជារៀងរហូត នោះទេ” ។
នៅក្នុងពិធីស្បថ ចូលកាន់តំណែង របស់លោកកាលពីថ្ងៃព្រហស្បតិ៍លោក Ebrahim Raisi បានច្រានចោលការព្រួយបារម្ភ អំពីកម្មវិធីនុយក្លេអ៊ែរ របស់ប្រទេសនេះ ដោយហៅវាថាជាសន្តិភាព។ លោកបានលើកឡើងថា អ៊ីរ៉ង់គាំទ្រនិងស្វាគមន៍ រាល់សំណើការទូត សម្រាប់ការដកទណ្ឌកម្ម៕
ដោយ ឈូក បូរ៉ា