ព័ត៌មានអន្តរជាតិ

លីបង់-អ៊ីស្រាអែល កំពុងតានតឹងខ្លាំង តាមតំបន់ព្រំដែន

យូអិន៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែងការព្រួយបារម្ភ អំពីការកើនឡើង ភាពតានតឹង នាពេលថ្មីៗនេះ នៅតាមបន្ទាត់ព្រំដែន រវាង លីបង់-អ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។

អ្នកនាំពាក្យ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Stephane Dujarric បានលើកឡើងថា“ លោកអគ្គលេខាធិការ សម្តែងការព្រួយបារម្ភ យ៉ាងជ្រាលជ្រៅ ចំពោះការកើនឡើង ភាពតានតឹងថ្មីៗនេះ រវាងលីបង់ និងអ៊ីស្រាអែល នៅទូទាំងបន្ទាត់ខៀវ រួមទាំងការបាញ់ គ្រាប់រ៉ុក្កែត ចូលអ៊ីស្រាអែលផងដែរ។

លោកបានឲ្យដឹង នៅក្នុងកំណត់សំគាល់មួយ ទៅកាន់អ្នកឆ្លើយឆ្លងព័ត៌មានថា“ លោកអគ្គលេខាធិការ អំពាវនាវឱ្យគ្រប់ភាគីទាំងអស់ អនុវត្តការអត់ធ្មត់បំផុត។ វាជាការសំខាន់បំផុត ដែលតួអង្គពាក់ព័ន្ធទាំងអស់ ជៀសវាងសកម្មភាព ដែលអាចបង្កើនភាពតានតឹង និងនាំឱ្យមានការគណនាខុស” ។

គួរបញ្ជាក់ថា ខ្សែពណ៌ខៀវ គឺជាការកំណត់ព្រំដែន រវាងប្រទេសលីបង់ និងអ៊ីស្រាអែល ដែលបោះពុម្ពដោយ អង្គការសហប្រជាជាតិ នៅឆ្នាំ២០០០ ។

នៅព្រឹកថ្ងៃសុក្រនេះ អ្នកនាំពាក្យរងរបស់លោក Guterres លោក Farhan Haq បានសម្តែងការព្រួយបារម្ភរបស់ស្ថាប័នពិភពលោក រួចទៅហើយ អំពីការកើនឡើងនូវភាពតានតឹងនេះ។ លោកបានប្រាប់ សន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា“ យើងសូមអំពាវនាវឱ្យ​គ្រប់ភាគីទាំងអស់ អនុវត្តការអត់ធ្មត់បំផុត និងរក្សាស្ថិរភាព”៕

ដោយ ឈូក បូរ៉ា

To Top