វ៉ាស៊ីនតោន៖ វៀតណាមនៅតែជាទិសដៅ ទាក់ទាញសម្រាប់វិនិយោគិនអាមេរិកនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ នេះបើតាមសិក្ខាសាលាមួយតាមអិនធ័រណិត ដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះ ដោយ The Asia Group។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ព្រឹត្តិការណ៍នេះមានគោលបំណងចែករំលែកឱកាសអាជីវកម្ម និងបច្ចុប្បន្នភាព ស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ និងទស្សនវិស័យសេដ្ឋកិច្ចនៅវៀតណាម ដោយទាក់ទាញនាយកប្រតិបត្តិនិង អ្នកតំណាងមកពីក្រុមហ៊ុនអាមេរិកជាង ៤០ នាក់ ក្នុងវិស័យថាមពល ហិរញ្ញវត្ថុ បច្ចេកវិទ្យា និងផលិតកម្ម ដូចជាក្រុមហ៊ុន Blackstone Group, Google, Facebook, Ford, UPS និងក្រុមហ៊ុន Walmart។
ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Hà Kim Ngọc បានបញ្ជាក់ពីសមិទ្ធផលសេដ្ឋកិច្ចរបស់វៀតណាម និងជូនដំណឹងដល់អ្នកចូលរួមអំពីការលើកទឹកចិត្តរបស់ប្រទេសវៀតណាម ក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស (FDI) ។
លោកបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាមក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសនិងពង្រឹងតួនាទីរបស់វៀតណាមក្នុងការរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកឡើងវិញ។ លោកបន្តថា សម្រាប់វិនិយោគិនអាមេរិក ការអភិវឌ្ន៍យ៉ាងសកម្មនៃភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម – អាមេរិក និងបណ្តាញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម មានអំណោយផលដល់សកម្មភាពរបស់ពួកគេនៅក្នុងប្រទេស៕ប្រែសម្រួលៈ ណៃ តុលា