ព័ត៌មានអន្តរជាតិ

រុស្ស៊ី ពង្រីកគម្រោងសំណង់យោធា នៅលើកោះ Kuril

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានដកស្រង់សម្តី ក្រសួងការពារជាតិ នៃប្រទេសរុស្ស៊ី ដែលនិយាយប្រាប់ឲ្យដឹង នៅថ្ងៃចន្ទនេះថា រុស្ស៊ីមានគម្រោងកសាង ហេដ្ឋារចនាសម្ព័ន្ធយោធាចំនួន៥១ ចំណែកថែមទៀត នៅលើកោះ Kuril។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ខ្លួនទើបបានកសាងអាគារជាង៣០ថែមទៀត នៅលើកោះ ដែលរួមមានទាំងអគារ សម្រាប់ស្នាក់នៅចំនួន៧ សម្រាប់បុគ្គលិកយោធា នៅលើកោះ Iturup និងកោះ Kunashir ដែលអះអាងកម្មសិទ្ធិដោយជប៉ុន។

យោងតាម សេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន China Daily នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី មិនបានផ្តល់សេចក្តីលម្អិតថា អគារប្រភេទបែបណា ដែលខ្លួនគ្រោងនឹងធ្វើការសាងសង់ នៅក្នុងឆ្នាំខាងមុខនោះទេ។

គួរបញ្ជាក់ថា ផ្នែកនៃប្រជុំកោះ Kuril នោះ គឺត្រូវបានអះអាងកម្មសិទ្ធិដោយប្រទេសជប៉ុន ហើយជម្លោះទឹកដីរវាងជប៉ុននិងរុស្ស៊ី លើប្រជុំកោះនោះ គឺមានតាំងពីពេលដែល សហភាពសូវៀតដណ្ដើមយក នៅចុងសង្គ្រាមលោកលើកទី២ និងធ្វើឲ្យប្រទេសទាំងពីរ មិនចុះហត្ថលេខា លើសន្ធិសញ្ញាសន្តិភាពផ្លូវការ៕

ប្រែសម្រួល៖ប៉ាង កុង

To Top