បរទេស៖ មន្ទីរប៉ង់តាហ្គោន កាលពីថ្ងៃចន្ទម្សិលមិញ បានប្រកាសថាកងកម្លាំងយោធា របស់សហរដ្ឋអាមេរិក នឹងនៅតែបន្តដល់កិច្ចការ ជួយគាំទ្រ ពីខាងក្រោយទៅដល់ កងកម្លាំងការពារជាតិ របស់ប្រទេសអាហ្គានីស្ថានដដែល ក្នុងពេលដែលក្រុមតាលីបង់ កំពុងត្រួតត្រា ទីក្រុងធំជាច្រើនបន្ថែមទៀត ត្រឹមចុងសប្តាហ៍កន្លងមក។
អ្នកនាំពាក្យរបស់ ប៉ង់តាហ្គោនលោក John Kirby បានថ្លែងទៅកាន់ក្រុមអ្នកកាសែត ថាស្ថានភាពសន្តិសុខ របស់អាហ្គានីស្ថាន នៅពេលនេះគឺស្ថិតនៅក្នុងលក្ខខណ្ឌ មិនល្អនិងមិនត្រឹមត្រូវ តាមអ្វីដែលយើងចង់ បាននោះឡើយ។
លោកបន្តថា៖ យើងនឹងនៅតែបន្តគាំទ្រ ដល់ពួកគេនៅត្រង់ចំណុច ណាដែលអាចធ្វើទៅបានជាពិសេស ដូចជាការវាយប្រហារតាមអាកាស ដែលចាំបាច់ជាដើមផងដែរ។
គួរឲ្យដឹងដែរថា យោធាអាមេរិក បានបើកការវាយប្រហារ តាមអាកាសជាច្រើនដង ប្រឆាំងទៅនឹងក្រុមតាលីបង់ ប៉ុន្មានថ្ងៃចុងក្រោយនេះ ដូចគ្នាដែរ ខណៈដែលតាលីបង់ បានវាយលុកចូលកាន់កាប់ ទីក្រុងសំខាន់ៗយ៉ាងលឿនបំផុត ហើយជាលទ្ធផលខេត្តពាក់កណ្តាល ប្រទេសកំពុងស្ថិតនៅក្នុង ការវាយប្រហារគ្នា នៅឡើយមកដល់ពេលនេះ៕
ប្រែសម្រួល៖ស៊ុនលី