បរទេស៖ ទីភ្នាក់ងាសារព័ត៌មាន Yonhap បានរាយការណ៍នៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងចាប់ផ្តើមសមយុទ្ធយោធាដំបូង នៅក្នុងអង្គារសប្ដាហ៍នេះ បើទោះជាមានការ ព្រមានពីកូរ៉េខាងជើងថា សមយុទ្ធនឹងធ្វើឲ្យប៉ះពាល់ដល់ ចំណងមិត្តភាពអន្តរកូរ៉េក៏ដោយ។
សមយុទ្ធ ដែលមានឈ្មោះថា ការបណ្ដុះបណ្ដាលបុគ្គលិក គ្រប់គ្រងវិបត្តិ គឺត្រូវបានគេបង្កើតឡើង ដើម្បីពិនិត្យមើលការ ត្រៀមលក្ខណៈរបស់សម្ពន្ធមិត្ត ក្នុងការឆ្លើយតបចំពោះរឿងរ៉ាវ អាចកើតមានណាមួយ ហើយនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃសុក្រ មុនពេលផ្លាស់ប្តូរទៅជា សមយុទ្ធពេញទ្រង់ទ្រាយ ដែលគេគ្រោងធ្វើឡើង ពីថ្ងៃទី១៦ដល់២៦ ខែសីហា។

ក្រសួងការពារជាតិ នៃប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ពេលវេលា ទំហំនិងការបង្កើតឡើង នៃសមយុទ្ធនោះ គឺនៅមិនទាន់សម្រេច ចុងក្រោយនៅឡើយទេ ចំណែកកងកម្លាំងអាមេរិក ប្រចាំនៅកូរ៉េ បានបដិសេធមិនផ្តល់សេចក្តី អត្ថាធិប្បាយណាមួយនោះទេ ដោយសម្អាងដល់គោល នយោបាយរបស់ខ្លួន។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ជាប្រក្រតីតែងតែប្រារព្ធធ្វើសមយុទ្ធយោធា ដែលជាចម្បងគឺនៅក្នុង និទាឃរដូវនិងរដូវក្តៅ ប៉ុន្តែប្រទេសកូរ៉េខាងជើង អស់រយៈកាលជាច្រើនទសវត្សមកនេះ បានមានប្រតិកម្មខឹងសម្បារ ដោយហៅសមយុទ្ធទាំងនោះថា ជាការហាត់សមសង្គ្រាម ៕
ប្រែសម្រួល៖ ប៉ាង កុង
