ព័ត៌មានអន្តរជាតិ

យោធាអាមេរិក គ្រោងតម្រូវឲ្យចាក់ ថ្នាំវ៉ាក់សាំងកូវីដ១៩ នៅត្រឹមពាក់កណ្ដាល ខែកញ្ញា

បរទេស៖ យោធាសហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ននេះ កំពុងតែគ្រោងធ្វើការណែនាំ តម្រូវឲ្យកងទ័ពអាមេរិកទាំងអស់ ចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ យ៉ាងយូរត្រឹមពាក់កណ្ដាល ខែកញ្ញា ខាងមុខនេះ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI។

រដ្ឋមន្រ្តីការពារជាតិ អាមេរិក លោក Lloyd Austin បានមានប្រសាសន៍ ប្រាប់ដល់កងទ័ព នៅថ្ងៃចន្ទសប្ដាហ៍នេះថា លោកបានប្រឹក្សាគ្នា ជាមួយថ្នាក់ដឹកនាំយោធា និងអ្នកជំនាញវេជ្ជសាស្ត្រ ស្តីពីការណែនាំ និងគម្រោងស្នើ លោកប្រធានាធិបតី ចូ បៃដិន នៅត្រឹមពាក់កណ្ដាលខែកញ្ញា ដើម្បីឲ្យអនុម័ត។

លោក Lloyd Austin បានមានប្រសាសន៍ថា “ផ្អែកលើការប្រឹក្សាយោបល់ និងកិច្ចពិភាក្សាគ្នាបន្ថែម ជាមួយថ្នាក់ដឹកនាំ នៃក្រុមការងារកូវីដរបស់សេតវិមាន ខ្ញុំចង់ឲ្យអ្នកដឹងថា ខ្ញុំនឹងស្វះស្វែងរក ការអនុម័តរបស់លោក ប្រធានាធិបតី ដើម្បីធ្វើឲ្យការចាក់ថ្នាំវ៉ាក់សាំង ជាកាតព្វកិច្ច មិនហួសពីពាក់កណ្ដាលខែកញ្ញា ឬក៏ភ្លាមៗបន្ទាប់ពីមានអាជ្ញាប័ណ្ណ ពីទីភ្នាក់ងារស្បៀងអាហារ និងឱសថរបស់អាមេរិក ថាតើមួយណានឹងត្រូវមកមុន”។

គួរបញ្ជាក់ថា នៅថ្ងៃចន្ទសប្ដាហ៍នេះផងដែរ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានមានប្រសាសន៍ថា លោកគាំទ្រជាខ្លាំង ចំពោះផែនការរបស់លោក Lloyd Austin បន្ថែមថ្នាំវ៉ាក់សាំងកូវីដ១៩ ទៅក្នុងបញ្ជីចាក់វ៉ាក់សាំងដែលចាំបាច់៕

ប្រែសម្រួល៖ប៉ាង កុង

To Top