បរទេស៖ ខណៈដែលក្រុមយុទ្ធជនតាលីបង់ បានទាញយក ផលប្រយោជន៍ពីការចាកចេញ របស់យោធាអាមេរិកពីប្រទេស អាហ្វហ្គានីស្ថាន ដោយដណ្តើមយកមូលដ្ឋានបានមកវិញពីកងកម្លាំងរដ្ឋាភិបាល អាហ្វហ្គានីស្ថាមនិងដណ្តើម យកបានខេត្តយ៉ាងតិច ៧ កន្លែង។ ប្រធានាធិបតីអាមេរិក លោក ចូបៃដិន កាលពីថ្ងៃអង្គារបានទទូចថា លោកមិនសោកស្តាយចំពោះការសម្រេចចិត្តបញ្ចប់យុទ្ធនាការ រយៈពេល ២០ ឆ្នាំរបស់លោកឡើយ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋធានីអាហ្វហ្គានីស្ថានអាចនឹងធ្លាក់ទៅក្នុងដៃរបស់ក្រុមបះបោរតាលីបង់ គឺ ធ្លាក់ចុះយ៉ាងឆាប់រហ័សជាង របាយការណ៍ស៊ើបការណ៍សម្ងាត់អាមេរិកមុន ៗ ដែលបានលើកឡើង ចំពេលមានការបែកបាក់សន្តិសុខកាន់តែរីករាលដាល ពាសពេញប្រទេស។នេះបើ យោងតាមការចុះផ្សាយរបស់ The Washington Post។
ស្ថានភាពបច្ចុប្បន្ននៅសាធារណរដ្ឋអ៊ីស្លាម បានជំរុញឱ្យមានការពិនិត្យឡើងវិញ នូវការវាយតម្លៃស៊ើបការណ៍សម្ងាត់ដ៏គួរឱ្យបារម្ភ ដែលបានធ្វើឡើងនៅក្នុងខែមិថុនា ដែលបានបង្ហាញថា ទីក្រុងកាប៊ុលអាចត្រូវបានវាយលុកដោយពួកសកម្មប្រយុទ្ធតាលីបង់ក្នុងរយៈពេលពី ៦ ទៅ ១២ ខែ បន្ទាប់ពីការចាកចេញរបស់កងកម្លាំងអាមេរិក និងណាតូ ពីប្រទេសអាស៊ីខាងត្បូងមួយនេះ៕ប្រែសម្រួលៈ ណៃ តុលា