បរទេស៖នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃពុធនេះ ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងជប៉ុន បានពិភាក្សាគ្នាពីផែនការសម្រាប់សកម្មភាពសេដ្ឋកិច្ចរួមគ្នា នៅលើប្រជុំកោះរុស្ស៊ីកាន់កាប់ Kuril ដែលជប៉ុនអះអាងកម្មសិទ្ធិ។
នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin កាលពីខែកក្កដា បាននិយាយថា ទីក្រុងមូស្គូគ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយ ដែលគ្មានកាតព្វកិច្ចពន្ធគយ និងកាត់បន្ថយពន្ធនៅលើប្រជុំកោះនោះ នៅក្នុងអំឡុងដំណើរទស្សនកិច្ចលើកោះ ដែលធ្វើឲ្យមានការតវ៉ាជាខ្លាំងពីទីក្រុងតូក្យូ។
អស់រយៈពេលជាច្រើនទសវត្សមកហើយ ប្រទេសរុស្ស៊ីនិងជប៉ុន បានធ្វើការពិភាក្សាគ្នា ដើម្បីចុះហត្ថលេខាសន្ធិសញ្ញាសន្តិភាព ក្រោយសង្គ្រាមលោកលើកទី២ ប៉ុន្តែរនាំងដ៏ចម្បងដែលមិនឲ្យសម្រេចសន្ធិសញ្ញាសន្តិភាពនោះ គឺបញ្ហាភាពជាម្ចាស់លើក្រុមកោះ Kuril។
គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ប្រទេសទាំងពីរ កំពុងតែប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា លើសកម្មភាពសេដ្ឋកិច្ចរួមគ្នា ក្នុងវិស័យចំនួន៥គឺ វប្បកម្មទឹក ផ្ទះកញ្ចក់ វិស័យទេសចរណ៍ ថាមពលខ្យល់ និងការកែច្នៃសំណល់៕ប្រែសម្រួល៖ប៉ាង កុង