ព័ត៌មានអន្តរជាតិ

ចិន ជំរុញឲ្យបណ្ដាប្រទេសពាក់ព័ន្ធ គោរពនូវអធិបតេយ្យភាព របស់តុលាការចិន និងឈប់និយាយដោយ គ្មានការទទួលខុសត្រូវ

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍នេះបានជំរុញឱ្យ ប្រទេសពាក់ព័ន្ធប្រកាន់ខ្ជាប់នូវនីតិរដ្ឋ គោរពអធិបតេយ្យភាព របស់តុលាការចិន និងបញ្ឈប់ការនិយាយ ដោយគ្មានការទទួលខុសត្រូវ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការថ្លែងរបស់អ្នកនាំពាក្យលោកស្រី ហួរ ឈុនយីង បានធ្វើឡើងបន្ទាប់ពីប្រទេសកាណាដា បានបើកការចោទប្រកាន់ប្រឆាំង នឹងសាលក្រមរបស់ចិន ក្នុងករណីជនជាតិកាណាដាពីរនាក់។ លោក Michael Spavor ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ១១ ឆ្នាំពីបទចារកម្ម ហើយលោក Robert Lloyd Schellenberg ត្រូវបានកាត់ទោសប្រហារជីវិតពី បទរត់ពន្ធគ្រឿងញៀន ហើយក្នុងនោះសហភាពអឺរ៉ុប និងអង់គ្លេស បានសម្តែងការគាំទ្រ ចំពោះប្រទេសកាណាដា។

កាណាដា កំពុងរួមរស់ជាមួយ ប្រទេសមួយចំនួនតូច ដើម្បីច្រលំថាអ្វីត្រូវ និងខុស ដោយមិនគិតពីការពិត។ ពួកគេកំពុងចង្អុលដៃទៅតុលាការ ពាក់ព័ន្ធនឹងការដោះស្រាយករណី ពាក់ព័ន្ធនឹងពលរដ្ឋកាណាដា នៅក្នុងប្រទេសចិន ដែលបានជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរ ដល់អធិបតេយ្យភាពតុលាការរបស់ចិន និងរំលោភយ៉ាងធ្ងន់ធ្ងរស្មារតីនៃនីតិរដ្ឋ នេះបើតាមការលើកឡើង របស់លោកស្រី ហួរ ដោយថា ចិនថ្កោលទោសយ៉ាងខ្លាំង ចំពោះរឿងនេះ។

លោក Schellenberg ជាប់ពាក់ព័ន្ធក្នុងការរៀបចំ ការជួញដូរគ្រឿងញៀនអន្តរជាតិ និងការរត់ពន្ធមេតំហ្វេតាមីនជាង ២២២ គីឡូក្រាម ក្នុងនោះលោកស្រី ហួរបានលើកឡើងថា បរិមាណគ្រឿងញៀន ដែលជាប់ពាក់ព័ន្ធក្នុងករណីនេះ មានទំហំធំខ្លាំងណាស់។

លោក Michael Spavor ត្រូវបានកាត់ទោសពីបទសង្ស័យថា បានប្រព្រឹត្តឧក្រិដ្ឋកម្ម ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ របស់ប្រទេសចិនហើយសំណុំរឿង របស់លោកត្រូវបានគេស្តាប់នៅខែមីនា ឆ្នាំនេះស្របតាមច្បាប់។

តុលាការចិន ពាក់ព័ន្ធបានប្រកាសសាលក្រម របស់ពួកគេជាសាធារណៈស្របតាមច្បាប់ ដោយផ្អែកលើមូលដ្ឋាននៃការជំនុំជម្រះ និងការស៊ើបអង្កេតឧក្រិដ្ឋកម្ម ក្នុងនោះលោកស្រី ហួរ បានលើកឡើងថា សិទ្ធិស្របច្បាប់ទាំងអស់របស់បុគ្គលទាំងពីរ ត្រូវបានធានាយ៉ាងពេញលេញ។

លោកស្រី បានអះអាងថា គ្មានអត្តសញ្ញាណបរទេសណាអាចដើរតួជា“ ទេពអប្សរ” បាននោះទេដោយបន្ថែមថា ប្រទេសចិន គឺជាប្រទេស ដែលស្ថិតនៅក្រោមនីតិរដ្ឋ ហើយអាជ្ញាធរ តុលាការចាត់ទុកឧក្រិដ្ឋជន ទាំងអស់មានភាពស្មើគ្នា និងដោះស្រាយគ្រប់ករណីទាំងអស់ ដោយគោរពច្បាប់ ដោយមិនគិតពីសញ្ជាតិនោះឡើយ ៕

ដោយ ឈូក បូរ៉ា

To Top