បរទេស៖ អង្គការឱសថរដ្ឋាភិបាល (GPO) បានពន្យារពេលការទិញ ឧបករណ៍តេស្តអង់ទីហ្សែនចំនួន ៨,៥ លាន ដែលនីមួយៗមានតម្លៃ ៧០បាត ដើម្បីធ្វើតេស្តគុណភាពរបស់ពួកគេ បន្ទាប់ពីសមត្ថភាពរបស់ ឧបករណ៍ក្នុងការរកឃើញការឆ្លងមេរោគ Covid-19 ត្រូវបានគេសង្ស័យ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Kiatiphum Wongrajit លេខាធិការអចិន្ត្រៃយ៍សម្រាប់សុខភាព និងជាប្រធាន GPO បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា អង្គការមួយបានសម្តែង ការព្រួយបារម្ភរបស់ខ្លួន អំពីគុណភាពនៃឧបករណ៍ ដែលបានជ្រើសរើស នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។ ដូច្នេះ GPO និងរដ្ឋបាលចំណីអាហារនិងឱសថ នឹងពិនិត្យយ៉ាងហ្មត់ចត់ អំពីគុណភាពរបស់វា (ឧបករណ៍តេស្តរកវីរុស) ជាមុនសិន។

លោកវេជ្ជបណ្ឌិត Kiatiphum បាននិយាយថា មន្ទីរពេទ្យ Rajavithi បានស្នើសុំឱ្យ អង្គការឱសថរដ្ឋាភិបាល (GPO) ទិញឧបករណ៍តេស្តអង់ទីហ្សែនចំនួន ៨,៥ លានជាបន្ទាន់ ដើម្បីអាចឱ្យវាធ្វើការ ធ្វើតេស្តរកមេរោគកូវីដ ១៩ ។ មន្ទីរពេទ្យនិងការិយាល័យ សន្តិសុខសុខភាពជាតិ ក៏បានកំណត់នូវតម្រូវការជាក់លាក់ នៃឧបករណ៍ធ្វើតេស្តផងដែរ។
ការពន្យារពេលទីញនេះ បានកើតឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍ របស់សមាគមគ្រូពេទ្យជនបទ កាលពីថ្ងៃព្រហស្បតិ៍ថា GPO បានផ្អែកលើការជ្រើសរើសលើតម្លៃ ដោយមិនមែនអាស្រ័យលើគុណភាព និងភាពត្រឹមត្រូវនៃ ឧបករណ៍តេស្តនោះទេ ៕
ប្រែសម្រួលៈ ណៃ តុលា
