ព័ត៌មានអន្តរជាតិ

ថ្ងៃនេះប្រេស៊ីល មានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ជិត ១២០០នាក់

រីយ៉ូ ៖ ប្រភពពីក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះបញ្ជីការស្លាប់ ដោយសារជំងឺកូវីដ-១៩ ចំនួន ១,១៤៨ បន្ថែមទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ ទូទាំងប្រទេសកើនឡើង ដល់ ៥៦៦,៨៩៦ នាក់។

យោងតាមការ ចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ក្រសួងសុខាភិបាល ប្រេស៊ីល បានឲ្យដឹងថា ករណីឆ្លងសរុប បានកើនឡើងដល់ ២០,២៨៥,០៦៧ ករណី បន្ទាប់ពីករណីថ្មីចំនួន ៣៩.៩៨២ ត្រូវបានរកឃើញ។

បច្ចុប្បន្នប្រេស៊ីល មានចំនួនអ្នកស្លាប់ដោយសារជំងឺរាតត្បាត ខ្ពស់បំផុតលំដាប់ទី ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប្រទេស ដែលមានករណីឆ្លងធំជាងគេទី៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា។

ក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងទៀតថា ប្រទេសអាមេរិកខាងត្បូងមួយនេះ កំពុងជួបប្រទះរលកឆ្លងថ្មី ដែលបានគ្របដណ្ដប់លើមន្ទីរពេទ្យ ស្ទើតែទាំងស្រុងដោយអ្នកជំងឺកូវីដ-១៩ ៕
ដោយ ឈូក បូរ៉ា

To Top