ព័ត៌មានអន្តរជាតិ

ទីក្រុង ហូជីមិញ ពិចារណាបើកសាលារៀន ឡើងវិញ នៅពាក់កណ្តាលខែកញ្ញា

បរទេស៖ ទីក្រុងហូជីមិញ ប្រទេសវៀតណាម មានគម្រោង បើកសាលារៀនឡើងវិញ នៅពាក់កណ្តាលខែកញ្ញា ។ លោក ង្វៀនវ៉ាន់ហៀយ អនុប្រធាននាយកដ្ឋាន អប់រំនិងបណ្តុះបណ្តាល បានបង្ហាញពីផែនការ នៅក្នុងកិច្ចប្រជុំមួយកាលពី ថ្ងៃព្រហស្បតិ៍ដោយនិយាយថា គណៈកម្មាធិការប្រជាជនត្រូវបានគេរំពឹងថា នឹងធ្វើការសម្រេចចិត្តចុងក្រោយ នៅសប្តាហ៍ក្រោយ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា សាលារៀនមួយចំនួនកំពុង បម្រើជាកន្លែងដាក់ឲ្យនៅដាច់ដោយឡែក កន្លែងព្យាបាល និងចាក់វ៉ាក់សាំងការពារ Covid ។ ទីក្រុងហូជីមិញ មានសិស្សសាលាចំនួន ១,៧៤ លាននាក់។

ក្រសួងអប់រំនិងបណ្តុះបណ្តាល របស់វៀតណាម នៅថ្ងៃទី ៤ ខែសីហា បានចេញកាលវិភាគសម្រាប់ឆ្នាំថ្មី ដោយសាលាចាប់ផ្តើមចូលរៀននៅថ្ងៃទី ២៣ ខែសីហា សម្រាប់សិស្សថ្នាក់ទី ១ និងថ្ងៃទី ១ ខែកញ្ញា សម្រាប់សិស្សផ្សេងទៀត។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងអប់រំលោក ង្វៀនគីមសឺន បាននិយាយនៅឯកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ថា តំបន់អាចបត់បែនតាមកាលវិភាគ ហើយបន្តថ្នាក់រៀនឡើងវិញបន្ទាប់ពីជំងឺកូវីដត្រូវបានគ្រប់គ្រង៕

ប្រែសម្រួលៈ ណៃ តុលា

To Top