បរទេស៖ អាជ្ញាធរអាហ្វហ្គានីស្ថាន បាននិយាយប្រាប់ថា ការវាយលុកយ៉ាងលឿន ធ្វើឡើងដោយពួកបះបោរ តាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃសុក្រម្សិលមិញនេះ បានដណ្ដើមបានទីក្រុងធំចំនួន៣ ថែមទៀត រួមទំាងទីក្រុង Kandahar ជាទីក្រុងដ៏ធំបំផុតទីពីរក្នុងប្រទេស។
យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រៅពីទីក្រុង Kandahar នោះ កងកម្លាំងប្រយុទ្ធពួកតាលីបង់ ក៏បានគ្រប់គ្រងទីក្រុង Lashkar Gah ដែលជាទីរួមខេត្តរបស់ខេត្ត Helmand និងទីក្រុង Herat ដែលទីជាទីធំបំផុតទី៣ក្នុងប្រទេស។
មិនតែប៉ុណ្ណោះ ពួកតាលីបង់ ក៏ដណ្ដើមបានទីក្រុង Feroz Koh ដែលជាទីរួមខេត្តរបស់ខេត្ត Ghor ធ្វើឲ្យក្រុមបះបោរនេះ មានសន្ទុះកាន់តែលឿន ឆ្ពោះទៅដណ្ដើមយកទីក្រុងកាប៊ុល ក្នុងពេលពីរសប្ដាហ៍មុនកាលបរិច្ឆេទបញ្ចប់ផ្លូវការនៃការដកទ័ពអាមេរិក។
ក្រុមមន្ត្រីពួកតាលីបង់បាននិយាយថា ក្រុមខ្លួនបាន ដណ្ដើមបានអាវុធ រថយន្តនិងគ្រាប់រំសេវរាប់រយ ព្រមទាំងបានកាន់កាប់ ការិយាល័យរដ្ឋាភិបាល ទីស្នាក់ការកណ្ដាលរបស់ប៉ូលិស ពន្ធនាគារ និងមជ្ឈមណ្ឌលប្រតិបត្តិការផ្សេងទៀត នៅក្នុងទីក្រុង Kandahar៕
ប្រែសម្រួល៖ប៉ាង កុង